ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខណ្ឌទួលគោកស្នើសុំឱ្យអាជ្ញាធរខណ្ឌជូយជួសជុល បើកផ្លូវ ៣២៤Z ,ដាក់អំពូលភ្លើងតាមផ្លូវមួយចំនួន ,ការដាំដើមឈើផ្លូវនានានិងសុំឱ្យស្តារប្រព័ន្ធលូនៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ

22

ភ្នំពេញ៖ប្រជាពលរដ្ឋេស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោកបានលើកឡើងជាសំណើរនិងសំណូមពរមួយចំនួន ពិសេស ស្នើសុំឱ្យអាជ្ញាធរខណ្ឌជូយជួសជុល បើកផ្លូវ ៣២៤Z ដាក់អំពូលភ្លើង ដាំដើមឈើនិងសុំឱ្យស្តារប្រព័ន្ធលូនៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

  ការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៤ នាព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៦នេះ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោមអធិបតីភាពឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក លោកជា ពិសីអភិបាលខណ្ឌនិងលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក។

  ក្នុងវេទិកានេះប្រជាពលរដ្ឋរស់នៅភូមិ៨ សង្កាត់បឹងសាឡាង បានស្នើសុំឱ្យរដ្ឋបាលខណ្ឌទួលគោកជួយបើកផ្លូវ៣២៤Z ដែលពលរដ្ឋបានស្នើសុំឱ្យជួយអន្តរាគមនបើកផ្លូវនេះអស់រយៈពេល១៩ឆ្នាំហើយ ពោលគឺតាំងពីឆ្នាំ២០០៧មកម្លេះ តែមកដល់ពេលនេះ មិនទាន់ដោះស្រាយចេញនូវឡើយទេ បើទោះបីសំណើរនេះបានដល់រដ្ឋបាលរាជធានីភ្នំពេញហើយក្តី។បន្ថែមពីនេះប្រជាពលរដ្ឋក៏បានស្នើសុំឱ្យជូយដាំដើមឈើ ជួសជុល ផ្លូវនិងសុំឱ្យស្តារប្រព័ន្ធលូ៦ខ្សែ នៅម្តុំផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ។សុំដាក់ ដាក់អំពូលភ្លើងដែលដាច់និងសុំឱ្យស្តារប្រព័ន្ធលូនៅក្នុងមូលដ្ឋាន សង្កាត់ទឹកល្អក់ទី៣។

  ជុំវិញសំណើររបស់ប្រជាពលរដ្ឋទាំងនេះ លោកជា ពិសីអភិបាលខណ្ឌបានឡើង ឆ្លើយបំភ្លឺភ្លាមៗជូនប្រជាពលរដ្ឋ ទាំងការស្នើសុំបើកផ្លូវ៣២៤Z ការសុំជួសជុល ផ្លូវនិងសុំឱ្យស្តារប្រព័ន្ធលូ៦ខ្សែជាដើម។ ការងារទាំងនេះ អ្វីដែលថ្នាក់ខណ្ឌដោះស្រាយបានយើងដោះស្រាយភ្លាមៗតែម្តង ហើយអ្វីដោះស្រាយមិនទាន់បាន រដ្ឋបាលខណ្ឌនឹងស្នើសុំបន្តទៅ ថ្នាក់រាជធានីភ្នំពេញបន្តទៀត សំខាន់រាល់សំណើររបស់ប្រជាពលរដ្ឋ ក្នុងនាមអាជ្ញាធរជាម៉ែឳពួកគាត់ ត្រូវតែខិតខំធ្វើឱ្យមានប្រសិទ្ធភាព តម្លាភាព និងធ្វើឱ្យបាន។

  ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង

បានមានប្រសាសន៍លើកឡើងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់ ។ ការពិភាក្សា និងពិគ្រោះយោបល់ប្រឹក្សាខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល បានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលខណ្ឌ យកទៅដោះស្រាយ កែលម្អក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែ ល្អប្រសើរ ។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើ និងសំណូមពរបានឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យ គណៈអភិបាលខណ្ឌយកទៅកែលម្អឡើងវិញ ឱ្យសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។

  ពាក់ព័ន្ធទៅនឹងពលរដ្ឋនៅសង្កាត់បឹងសាឡាង សុំជួយបើកផ្លូវ៣២៤Z ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង បានបញ្ជាក់ថា៖ ផ្លូវ៣២៤Zនេះ បើតាមការបញ្ជាក់ពីអាជ្ញាធរ គឺពលរដ្ឋបានស្នើសុំអស់រយៈពេល១៩ឆ្នាំហើយ។ផ្លូវនេះមានផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រជាពលរដ្ឋភាគច្រើនលើសលុបបានឯកភាពឱ្យកាត់ផ្ទះរបស់ខ្លួន ដើម្បីបើកផ្លូវមួយខ្សែនេះ មានតែពលរដ្ឋ៣គ្រួសារប៉ុណ្ណោះដែលលំនៅដ្ឋានរបស់ពួកគាត់នៅលើទ្រូងផ្លូវទាំងស្រុងមិនព្រម។ ចំពោះបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ សមល្មម ដោះស្រាយបើកផ្លូវនេះហើយ ព្រោះយើងបានយោគយល់ឱ្យពួកគាត់ យកទ្រូងផ្លូវនេះបើកអាជីវកម្មរកស៊ីអស់១៩ឆ្នាំហើយ៕

អត្ថបទដែលជាប់ទាក់ទង