ប្រធានសភាប្រជាជនចិនលោក ចាវ ឡឺជី បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប តែងតែជួយយកអាសាគ្នាទៅវិញទៅមកហើយចង់ឃើញស្ថាប័ននីតិបញ្ញត្តិកម្ពុជា-ចិនមានទំនាក់ទំនងកាន់តែល្អដើម្បីជួយជំរុញទំនាក់ទំនងកម្ពុជា-ចិន
ប៉េកាំង, ចិន៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ចាវ ឡឺជី ប្រធាន គណៈ កម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចង់ឃើញស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងចិន មាន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែសកម្ម និងល្អប្រសើរថែមទៀត ដើម្បីរួមចំណែក ជួយជំរុញទំនាក់ទំនងកម្ពុជា-ចិន។
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ បន្ទាប់ពីអញ្ជើញដល់ប្រទេសចិន សម្តេច តេ ជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ ចាវ ឡឺជី។ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេច តេជោ បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ចាវ ឡឺជី បានសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា។
ក្នុងជំនួបនោះ លោក ចាវ ឡឺជី បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្ត ដែកថែប តែងតែជួយយកអាសាគ្នាទៅវិញទៅមក។ លោក ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចបង្ហាញនូវការ ពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំជាពិសេសគឺការជំរុញការអនុវត្ត ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោក ចាវ ឡឺជី ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ទោះបីជាពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី តែមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុង ក្រប ខណ្ឌស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ ដោយសម្ដេច បានបញ្ជាក់ថា សម្ដេច ចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ក្នុងការជំរុញ ទំនាក់ទំនងទ្វេភាគី ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ និងគណបក្សរវាងប្រទេសទាំងពីរដែរ។
លោក ចាវ ឡឺជី បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោ និងបានកត់ សម្គាល់ ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺជាការទាក់ទងទំនាក់ទំនងដោយការជឿជាក់គ្នា ដែល មិន អាចមានអ្នកណាមកបំបែកបានឡើយ។ លោក ក៏បានលើកឡើងអំពីការជំរុញកិច្ចសហប្រតិ បត្តិ ការ ក្នុងស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរ។
លោក ចាវ ឡឺជី ចង់ឃើញប្រទេសទាំងពីរ ពោលគឺស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងចិន មានទំនាក់ ទំនង គ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងគោលដៅចូលរួមចំណែកជ្រោមជ្រែងដល់ការកសាងសហ គមន៍ ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី៕
