ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវធិបតី៖ជាកត្តាសំខាន់បំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ «ខ្មែរគាំទ្រផលិតផលខ្មែរ» និង «ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យស្លោកទេប៉ុន្តែជាចលនាសេដ្ឋកិច្ចជាតិ , នេះជាការងាកមកគាំទ្រផលិតផលក្នុងស្រុក

25

ភ្នំពេញតាមរយៈសារលិខិតអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការងាកមកគាំទ្រផលិតផលក្នុងស្រុក គឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹង សេដ្ឋកិច្ចជាតិ ហើយជាមួយគ្នានេះ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ត្រូវតែបន្តពង្រឹង និងពង្រីកខ្លួនឯងផងដែរ ក្នុងការកែលម្អគុណភាពផលិតផល និងសេវាកម្ម ការវេចខ្ចប់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។

សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងស្មារតីស្នេហាជាតិ ការងាកមកគាំទ្រផលិតផលក្នុងស្រុកគឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ ក្នុងន័យនេះ «ខ្មែរគាំទ្រផលិតផលខ្មែរ»និង«ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យ ស្លោកទេ ប៉ុន្តែជាចលនាសេដ្ឋកិច្ចជាតិ ដែលជួយបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និង កាត់បន្ថយការពឹងផ្អែកលើការនាំចូល។ 

សម្តេចបវធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា «ការជ្រើសរើសប្រើប្រាស់ផលិតផលនិងសេវាកម្មក្នុងស្រុកគឺជាការ ចូលរួមកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ ហើយមិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជា ការបង្ហាញនូវមោទនភាពជាតិនិងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំងញើសឈាម ចំណេះដឹង និងនវានុវត្តន៍របស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើនទាំងសេដ្ឋកិច្ចបច្ចេកវិទ្យា និង ធនធានមនុស្ស»

ស្របជាមួយនឹងការគាំទ្រពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍ សម្តេចបវធិបតី បានណែនាំដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវតែបន្តពង្រឹងនិងពង្រីកខ្លួនឯងផងដែរ។ ការកែលម្អគុណភាពផលិតផលនិងសេវាកម្ម ការវេចខ្ចប់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍម៉ាកសញ្ញា និងការគ្រប់គ្រងអាជីវកម្មប្រកបដោយ វិជ្ជាជីវៈគឺជាគន្លឹះសំខាន់សម្រាប់ការចូលទៅកាន់ទីផ្សារថ្មីៗនិងការប្រកួតប្រជែងប្រកបដោយចីរភាព។ ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវចាប់យក ភាពស្របច្បាប់» «អនុលោមភាព និង “ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ” ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍផលិតផលនិងការចូលទីផ្សារ។

សម្តេចបវធិបតីបន្តថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមាន ស្តង់ដាដើម្បីធានាគុណភាពនិងសុវត្ថិភាពផលិតផល មាត្រាសាស្ត្រ ដើម្បីធានារង្វាស់រង្វាល់ត្រឹមត្រូវនិងភាពជឿជាក់ ការវាយតម្លៃអនុលោមភាព ដើម្បីបញ្ជាក់ថា ផលិតផលអនុលោមតាមតម្រូវការទីផ្សារនិងមន្ទីរពិសោធន៍ជាតិ ដើម្បីគាំទ្រការធ្វើតេស្តនិងបញ្ជាក់គុណភាព ផលិតផល។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិគឺជាស្ពានដ៏សំខាន់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការឆ្លើយតបទៅនឹងរបាំងបច្ចេកទេសពាណិជ្ជកម្មនិងបើកផ្លូវឱ្យផលិតផលកម្ពុជាចូលទៅកាន់ ទីផ្សារតំបន់និងពិភពលោកប្រកបដោយទំនុកចិត្ត។ ការប្តេជ្ញាចិត្តនិងការវិនិយោគ ដើម្បីភាពយូរអង្វែងនៃ អាជីវកម្ម ព្រមទាំងការផ្តោតយកចិត្តទុកដាក់លើសុវត្ថិភាព សុខុមាលភាព និងគុណតម្លៃសម្រាប់អ្នកប្រើប្រាស់ គឺជាគន្លឹះ ដែលនាំឱ្យសេដ្ឋកិច្ចជាតិយើងឈរជើងរឹងមាំនិងជោគជ័យ។

សម្តេចបវធិបតីបានបញ្ជាក់បន្ថែថា រដ្ឋាភិបាលមានគោលនយោបាយនិងយន្តការជាច្រើនត្រូវបានដាក់ចេញ ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម មានដូចជា យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ កម្មវិធីជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារ សហគ្រាសធុនតូចនិងមធ្យម ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សាជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិ អភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្ម ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម ពីការផលិតរហូតដល់ទីផ្សារដោយមានយន្តការគាំទ្រដូចជា សហគ្រិនខ្មែរនិង គេហទំព័រ KhmerSME ជាដើម។ គ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិបាននិង កំពុងកែលម្អនិងពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អ ងាយស្រួល និងលឿនរហ័សដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលនិងអនុវត្តនូវគម្រោងនានាដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម៕

អត្ថបទដែលជាប់ទាក់ទង