ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនប្រាប់ប្រធានាធិបតីចិន៖ទោះពិភពលោកនិងអាកាសធាតុប្រែប្រួលតែមិត្តភាពកម្ពុជានិងចិនមិនប្រែប្រួលឡើយ , លោក ស៊ី ជីនពីង តបថាទំនាក់ទំនងកម្ពុជានិងចិន គឺមានភាពរឹងមាំដូចផ្ទាំងសិលាអីចឹង

19

ភ្នំពេញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណជាអនេកចំពោះបដិសណ្ឋារកិច្ចរបស់លោក ស៉ី ចំពោះសម្ដេចនិងគណៈប្រតិភូ។ សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់លោកប្រធានាធិបតី ជុំវិញទំនាក់ទំនងកម្ពុជានិងចិន។ 

សម្ដេចតេជោ បានលើកឡើងថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាងកម្ពុជាចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោ បានលើកឡើងចំពោះមុខលោក ស៊ី ទៀតថា មិត្តភាពកម្ពុជានិងចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដមជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ។

ឯកឧត្ដម ជា ធីរិទ្ធ បានលើកឡើងថា ក្នុងឱកាសនោះ លោក ស៉ី ជីនពីង បានស្វាគមន៍សម្តេចតេជោ និងគណៈប្រតិភូយ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសចិន។ លោកបានហៅសម្តេចតេជោ ថាជាមិត្តចាស់ ដែលបានរួមចំណែកកសាងមិត្តភាពកម្ពុជា-ចិន ឲ្យរីកចម្រើន រឹងមាំដូចពេលបច្ចុប្បន្ននេះ។

លោកបានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងចិន គឺមានភាពរឹងមាំដូចផ្ទាំងសិលាអីចឹងដែរ។ លោកក៏បានរំលឹកដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីឆ្នាំ២០២៥ កន្លងទៅ ដែលបានជំរុញបន្ថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជានិងចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានជជែកគ្នាបន្ថែមទៀត ទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺកម្ពុជា សម្ដេចតេជោ ស្នើឲ្យចិនបន្តគាំទ្រដល់ការកសាងហេដ្ឋាចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ សម្ដេចបានលើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។ 

ទន្ទឹមនោះ ភាគីទាំងពីរក៏បានជជែកពិភាក្សាគ្នា ទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏ជជែកគ្នាទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនៃគណបក្សរវាងប្រទេសទាំងពីរ ដែលថ្មីៗនេះ ដែលក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ បានមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុំមុយនិស្តចិន ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងនៃកិចសន្ទនានយោបាយ នៅក្នុងក្របខណ្ឌបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់បក្សរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពសកម្មបន្ថែមទៀត។ 

បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានជជែកគ្នាទៅលើបញ្ហាអន្តរជាតិមួយចំនួនដែលបានកើតឡើងនៅពេលបច្ចុប្បន្ននេះ ដែលស្ថានភាពនៃការប្រែប្រួលដែលតម្រូវឲ្យកម្ពុជាចិនពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការគ្នា និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាកអន្តរជាតិ។

នៅក្នុងជំនួបនោះទាក់ទងទៅនឹងកិច្ចសហការសន្តិសុខ លោក ស៉ី ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះកម្ពុជា ដែលបានអនុវត្តនូវការបោសម្អាតឧក្រិដ្ឋកម្មអនឡាញ នៅក្នុងប្រទេសកម្ពុជា ហើយចិនតែងតែសហការនិងបន្តសហការជាមួយកម្ពុជាជានិច្ច ក្នុងការងារបោយសម្អាតនេះ៕

អត្ថបទដែលជាប់ទាក់ទង