ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាកំពុងទាក់ទាញក្រុមហ៊ុនពីប្រទេសលោកខាងលិចមួយធ្វើមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ

22

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានលើកឡើងថា កម្ពុជាកំពុងទាក់ទាញក្រុមហ៊ុន ពីប្រទេសលោកខាងលិចមួយ ដើម្បីធ្វើមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុង ឱកាសដែល សម្ដេចបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ។

សម្ដេចបវធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែទាក់ទាញឲ្យក្រុមហ៊ុន ពីប្រទេសខាងលិចមួយ ដើម្បីមកធ្វើជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ នៅព្រលានយន្ដហោះថ្មី (អាកាសយានដ្ឋានអន្ដរជាតិតេជោ

ទន្ទឹមគ្នានេះ សម្ដេចបវធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញវិធានការមួយចំនួន ដោយក្នុងនោះ ក្រោយការកែសម្រួល គយចល័ត ត្រូវបានកាត់បន្ថយតួនាទី ប៉ុន្ដែបានពង្រឹងពីដើមទី មុនទំនិញចូលកម្ពុជា។

សម្ដេចបវធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល មិនចង់ឲ្យរដ្ឋក្លាយជាអ្នកដើរចាប់នោះទេ ប៉ុន្ដែចង់ពង្រឹងអំពីតួនាទី នៃការទទួលខុសត្រូវ ហើយអ្នកដែលបានផលច្រើនជាងគេ គឺជាអថិតិជន។

បន្ថែមពីនោះទៀត សម្ដេចបវធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឲ្យកន្លែងពន្ធដារពិសេស គឺមិនមែនបង្កើតដើម្បីតែជំនួសទេ តែជាគម្រោងគំរូ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញកំណែទម្រង់នីតិវិធី ដើម្បីកាត់បន្ថយឲ្យខ្លី ហើយនៅពេលដែលដំណើរការ នឹងចាប់ផ្ដើមពង្រីកជាបន្ដបន្ទាប់។

សូមជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង