ព្រះមហាក្សត្រខ្មែរនិងសម្តេចម៉ែនឹងយាងនិវត្តពីទីក្រុងប៉េកាំងមកមាតុភូមិវិញនៅថ្ងៃទី០៣ខែកក្កដាខាងមុខនេះ
ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមបញ្ជាក់ឲ្យដឹងពី ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែកក្កដា សប្ដាហ៍ក្រោយនេះ ព្រះករុណា ជីវិតជាម្ចាស់ តម្កល់លើត្បូង និងសម្ដេចម៉ែ នឹងយាងធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ»។
ឯកឧត្ដម ជា ធីរិទ្ធ បានឲ្យដឹងទៀតថា ព្រះសុខភាព របស់ព្រះករុណា ស្ថិតក្រោមការតាមដាន យ៉ាងយកចិត្ដទុកដាក់ បើទោះបីសម្ដេចតេជោ នៅប្រទេសកម្ពុជា ក៏ប៉ុន្ដែសម្ដេចតេជោ និងសម្ដេចបវរធិបតី គឺយកចិត្ដទុកដាក់ខ្ពស់ ចំពោះព្រះសុខភាព របស់ព្រះករុណា តាំងពីដើមរៀងមក។ កាលពីដើមខែមេសា ឆ្នាំ២០២៦កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទីក្រុងប៉េកាំង ប្រទេសចិន ដោយផ្ទាល់ ដើម្បីកំដរព្រះករុណា ក្នុងពេលសម្រាកព្យាបាល ព្រះរោគរបស់ព្រះអង្គ។
ឯកឧត្ដមជា ធីរិទ្ធ បានគូសបញ្ជាក់ថា «មកដល់ពេលនេះ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន បានទៅគាល់ព្រះករុណា គឺស្ថានភាពនៃសុខភាពរបស់ព្រះករុណា ដែលជាដំណឹងដ៏រីករាយ សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គ គឺព្រះរាជសុខភាពរបស់ព្រះអង្គ មកដល់ពេលនេះ វិលមករកប្រក្រតីវិញ ល្អប្រសើរឡើងវិញ»។
សូមជម្រាបថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតា តែងតែយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន២ដង ក្នុងមួយឆ្នាំ តាមការយាងរបស់ក្រុមគ្រូពេទ្យចិន៕
