ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនកិច្ចរបស់សម្តេចតេជោនៅចិនជាការផ្តល់តម្លៃខ្ពស់របស់មេដឹកនាំចិនមិនមែនទស្សនកិច្ចបែបសាមញ្ញដូចការយល់របស់លោកអានុទីននោះឡើយ

22

ភ្នំពេញ៖ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៣ថ្ងៃ ក្នុង ប្រទេសចិន ជាដំណើរការទូតមួយដែលទទួលបានការចាប់អារម្មណ៍មិនត្រឹម មជ្ឈដ្ឋានកម្ពុជា ចិន ឬតំបន់នោះទេ នៅឯប្រទេសថៃ ក៏បានដាក់ភ្នែកគយគន់ ដាក់ចិត្តចាប់អារម្មណ៍យ៉ាងសម្បើមណាស់ដែរ។

នេះជាការបញ្ជាក់របស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន។

ហេតុអ្វីបានជាមជ្ឈដ្ឋានពលរដ្ឋ និងអ្នកនយោបាយថៃចាប់អារម្មណ៍ចំពោះ ដំណើរដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រទេសចិន? 

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកម្ពុជាមួយរូប ដែលមជ្ឈដ្ឋានសង្គមរបស់ ថៃ ចាត់ទុកជា អ្នកនយោបាយដ៏មានឥទ្ធិពល និងមានគ្រោះថ្នាក់ចំពោះ នយោបាយ ថៃ ។ មិនថានយោបាយការទូតបរទេសនោះទេ រាល់ប្រសាសន៍ រាល់សារ របស់ សម្តេចតេជោ ហ៊ុន សែន ក៏តែងត្រូវបានលើកមកជជែកវែកញែកក្នុងមជ្ឈដ្ឋានរបស់ ថៃ ដែរ។

ដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិន នាពេលនេះ ក៏ត្រូវបានសង្គមថៃលើកយកមកជជែកដែរ ដោយពួកគេយល់ ថា ដំណើរ ទស្សនកិច្ចនឹងជះឥទ្ធិពលដល់បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នា ពេល បច្ចុប្បន្ន ព្រោះប្រទេសចិន ជាតួអង្គដ៏មានឥទ្ធិពលមួយក្នុងតំបន់ព្រមទាំងកម្ពុជា និងថៃ។

មិនត្រឹមមជ្ឈដ្ឋានពលរដ្ឋសាមញ្ញទូទៅ និងអ្នកលេងបណ្តាញសង្គមនោះទេ អ្នកសារព័ត៌មានថៃ បានចោទជាសំណួរទៅកាន់លោក អានុទីន នាយករដ្ឋមន្ត្រី ថៃជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចតេជោ តើនឹងជះឥទ្ធិពលបែបណាទៅលើ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន? 

ចម្លើយគេចពីបញ្ហាដែលជាទម្លាប់របស់លោក អានុទីន នោះ គេបានហៅដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោនៅចិន ជាដំណើរទស្សនកិច្ចបែបសាមញ្ញធម្មតា ហើយនៅខែកក្កដាខាងមុខនេះរូបលោកក៏នឹងទៅកាន់ប្រទេសចិនដែរ។

តើដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ពិតជាសាមញ្ញដូចលោក អានុទីន លើកឡើងមែនឬ?

សម្តីលោក អានុទីន អាចលួងចិត្តខ្លួនឯង តែមិនអាចបោកអ្នកនយោបាយ អ្នកវិភាគឬអ្នកតាមដានព្រឹត្តិការណ៍នយោបាយរបស់ថៃបាននោះឡើយ។ 

ជារឿងកម្រណាស់ ដែលមេដឹកនាំនៃប្រទេសមួយ ត្រូវបានអញ្ជើញ ទស្សនកិច្ចជាញឹកញាប់នៅក្នុងប្រទេសមួយក្រោយពេលអស់តំណែងជាអ្នកកាន់ការងារទូទៅរបស់រាជរដ្ឋាភិបាល។ ផ្ទុយទៅវិញ សម្រាប់សម្តេចតេជោ ហ៊ុន សែន ក្រោយ បញ្ចប់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចត្រូវបានអញ្ជើញបំពេញ ទស្សន កិច្ចចំនួនពីរលើកហើយនៅក្នុងប្រទេសចិន លើកទី១ ធ្វើឡើងនៅ ឆ្នាំ ២០២៤ និងលើកទី២ នៅក្នុងឆ្នាំ២០២៦នេះ។

សម្រាប់លើកទី២នេះ គេអាចមើលឃើញពីការផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ពីសំណាក់មេដឹកនាំរបស់ចិន។ ក្នុងនោះ ការអញ្ជើញ គឺត្រូវបានធ្វើឡើងផ្ទាល់ដោយលោក ស៊ី ជីនពីង ក្នុងឋានៈជាអគ្គ លេខា ធិការ បក្សកុម្មុយនីស្តចិន។

បន្ថែមពីលើនោះ ដំណើរទស្សនកិច្ចនេះទៀតសោត ត្រូវបានរៀបចំជំនួបដោយ មេដឹកនាំកំពូលកម្រិតទាំង៣របស់ប្រទេស រួមមាន៖ លោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, លោក ចាវ ឡឺជី ប្រធានគណៈ កម្មាធិការ អចិន្ត្រៃយ៍នៃសភា តំណាង ប្រជាជនចិន និងលោក លូ ហៃស៊ីង រដ្ឋមន្ត្រីនៃគណៈ ទាក់ ទងការបរទេសរបស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន។

តាមរយៈជំនួបនេះ បង្ហាញពីពិធីការកម្រិតកំពូល មិនខុសពីការទទួលមេដឹកនាំ ប្រទេសនានា ដែលអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកម្ពុជាមួយរូប ដែលបានបន្តព្រះរាជតម្រិះ របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការពូនជ្រុំទំនាក់ទំនង កម្ពុជា និងចិន ឱ្យកាន់តែល្អប្រសើរ និងរឹងមាំ ព្រមទាំងពង្រីកនូវកិច្ចសហប្រតិ បត្តិការ ជា ច្រើន ជាមួយគ្នា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិននាពេលនេះ ត្រូវបានមេដឹកនាំចិនចាត់ទុកជាដំណើរទស្សនកិច្ច របស់ មិត្តចាស់ ប្រកបដោយភាពស្មោះត្រង់ និងជឿទុកចិត្ត និងជាដំណើរទស្សនកិច្ច ប្រៀបដូច កម្លាំងចលករជំរុញបន្ថែមនូវជំនឿទុកចិត្តរវាងកម្ពុជា និងចិន ឱ្យរឹងរិតតែរឹងមាំថែមទៀត។ ដូច្នេះមិនចម្លែកនោះឡើយ ដែលមេដឹកនាំចិន បានរៀបចំពិធីការកម្រិតខ្ពស់ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន។

សម្រាប់ដំណើររបស់លោក អានុទីន ទៅកាន់ប្រទេសចិននាខែកក្កដាខាងមុខវិញគ្រាន់តែជាដំណើរមួយចូលរួមក្នុងវេទិកាស្តីពីកម្មវិធីបញ្ញាសិប្បនិម្មិត AI ប៉ុណ្ណោះ ដែលមានមេដឹកនាំជាច្រើនត្រូវបានអញ្ជើញចូលរួមក្នុងវេទិកានេះ។ ដូច្នេះគេមិនអាចយកដំណើរនេះ មកប្រៀបធៀបនឹងដំណើរទស្សនកិច្ចរបស់ សម្តេច តេជោ ហ៊ុន សែន ដែលជាដំណើរទស្សនកិច្ចកម្រិតខ្ពស់មួយបាន នោះ ឡើយ៕

អត្ថបទដែលជាប់ទាក់ទង