នៅខែកក្កដាខាងមុខនេះ សម្តេចបវរធិបតីហ៊ុនម៉ាណែតនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន
ភ្នំពេញ៖ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ផងដែរ។
ការលើកឡើងរបស់ឯកឧត្ដមជា ធីរិទ្ធ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ។
ឯកឧត្ដមជា ធីរិទ្ធ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ហើយនៅខែកក្កដា ក្រោយនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺលោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដែរ»។
ឯកឧត្ដម ជា ធីរិទ្ធ បានបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិន គឺដើម្បីចូលរួមក្នុងមហាសន្និបាត AI ពិភពលោក ដែលមានបណ្តាមេដឹកនាំរបស់ពិភពលោកជាច្រើននឹងចូលរួម។
ឯកឧត្ដម ជា ធីរិទ្ធ បានបន្ថែមថា សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិននេះ ក៏ជាការបើកផ្លូវមួយផងដែរ ពីព្រោះក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្តេចតេជោ ហ៊ុន សែន បានជជែកជាមួយមេដឹកនាំកំពូលរបស់ចិន រួចទៅហើយ ប៉ុន្តែ កិច្ចការដែលរដ្ឋាភិបាលចិន ត្រូវធ្វើបន្តជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
ត្រង់ចំណុចនេះ ឯកឧត្ដម ជា ធីរិទ្ធ ឱ្យដឹងថា ពីព្រោះការឯកភាពគ្នាក្នុងក្របខណ្ឌបក្ស គឺជាផែនទីមួយសម្រាប់ការអនុវត្តរបស់រដ្ឋាភិបាល ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកំពុងកាន់អំណាចតាមរយៈការបោះឆ្នោតនៅកម្ពុជា ដូច្នេះ នៅពេលដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន នាពេលខាងមុខ ច្បាស់ណាស់សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិន មានកិច្ចការងារជាច្រើននឹងត្រូវពិភាក្សាគ្នា។
ឯកឧត្ដម ជា ធីរិទ្ធ បានគូសបញ្ជាក់ថា លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បានរង់ចាំ ដើម្បីពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើយ៉ាងណាជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំ៕
