លោកជំទាវបណ្ឌិតលើកទឹកចិត្តសិស្ស-និស្សិតនិងយុវនារីមានភាពក្លាហានក្នុងការជ្រើសរើសនិងចាប់យកមុខជំនាញដែលខ្លួនស្រឡាញ់ដោយគ្មានការរើសអើងភេទ
ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទឹកចិត្តយ៉ាងខ្លាំងក្លាចំពោះសិស្ស និស្សិត និងយុវនារីទាំងអស់ ឱ្យមានភាពក្លាហានក្នុងការជ្រើសរើស និងចាប់យកមុខជំនាញដែលខ្លួនស្រឡាញ់ ដោយគ្មានការរើសអើង ឬកំណត់ព្រំដែនដោយសារតែបញ្ហាយេនឌ័រ (ភេទ) ឡើយ, ទោះបីជាមុខជំនាញទាំងនោះស្ថិតក្នុងវិស័យ STEM, TVET (បណ្តុះបណ្តាលបច្ចេកទេស), ឌីជីថល, អាជីវកម្ម ឬសង្គមសាស្ត្រក៏ដោយ។
ការលើកទឹកចិត្តរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦ ក្រោមប្រធានបទ «អាជីពក្នុងអន្តរកាល» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦។ ពិធីនេះរៀបចំឡើងដោយសមាគមអតីតនិស្សិតអាហារូបករណ៍ហ្វ៊ុយប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) ដើម្បីផ្តល់ឱកាសឱ្យសិស្ស និស្សិត និងយុវជនបានស្វែងយល់ ពិគ្រោះ និងតម្រង់ទិសដៅសិក្សា ក៏ដូចជាអាជីពទៅថ្ងៃអនាគត។
លោកជំទាវបណ្ឌិត ពេជ បានថ្លែងថា «ខ្ញុំសូមលើកទឹកចិត្ត យ៉ាងខ្លាំងចំពោះសិស្សនារី, ថ្ងៃនេះឃើញមានច្រើន និស្សិតនារី ហើយនិងយុវនារីទាំងអស់ អោយមានភាពក្លាហាននៅក្នុងការចាប់យកជំនាញដែលខ្លួនស្រឡាញ់ ទោះបីជាមុខជំនាញនេះស្ថិតនៅក្នុងវិស័យ STEM (ស្តែម) វិទ្យាសាស្ត្រ បច្ចេកវិទ្យា TVET, Digital (ឌីជីថល), អាជីវកម្ម សង្គមសាស្ត្រ ឬវិស័យណាមួយក៏ដោយ។ អ្វីដែលបុរសធ្វើបាន នារីក៏អាចធ្វើបានដូចគ្នា ហើយជួនកាលអាចធ្វើបានល្អជាង តាមរយៈការបង្ហាញពីឧទាហរណ៍ជាក់ស្តែងនៃសិស្សស្រី ដែលរៀនជំនាញបច្ចេកទេស (ដូចជាការបើកបរ និងជួសជុលរថយន្ត) នៅអង្គការ PSE និងកន្លែងផ្សេងទៀត ដែលទទួលបានលទ្ធផល និងពិន្ទុយ៉ាងល្អប្រសើរ»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តថាយុវនារីមានសក្តានុពលខ្ពស់ និងមានចិត្តអំណត់ខ្ជាប់ខ្ជួន ដែលជាកត្តាជំរុញឱ្យពួកគេអាចសម្រេចបានលទ្ធផលការងារ ឬការសិក្សាបានយ៉ាងល្អ (ជួនកាលល្អជាងបុរស ក្នុងវិស័យបច្ចេកទេសមួយចំនួន)។ ដូចនេះមិនត្រូវជឿលើការលើកឡើងថា ជំនាញខ្លះទាល់តែបុរសទើបអាចរៀន ឬធ្វើបាននោះទេ។ សមត្ថភាពរបស់មនុស្សម្នាក់ៗមិនត្រូវបានកំណត់ដោយភេទនោះឡើយ។ ឱកាសគួរតែត្រូវបានបើកចំហរដោយស្មើភាពគ្នាសម្រាប់គ្រប់ភេទ ហើយតម្លៃពិតប្រាកដរបស់យុវជនម្នាក់ៗគឺស្តែងចេញតាមរយៈ ការខិតខំប្រឹងប្រែង សីលធម៌ និងសមត្ថភាពពិតប្រាកដ។
ជាមួយគ្នានោះលោកជំទាវបណ្ឌិត បានផ្តល់ការណែនាំយុវជនមិនត្រូវជ្រើសរើសមុខជំនាញគ្រាន់តែដើម្បីតាមមិត្តភក្តិ ឬតាមការរត់រក «ហាងឆេង» បណ្តោះអាសន្ននោះទេ ព្រោះអ្វីៗតែងតែប្រែប្រួលជានិច្ច (ដូចជាការវិវត្តនៃប្រាក់ចំណូលរវាងគ្រូពេទ្យ និងអ្នកធ្វើការងារឌីជីថល/TikToker នាពេលបច្ចុប្បន្ន)។ ត្រូវប្រាកដថាខ្លួនឯងពិតជាស្រឡាញ់ មានសមត្ថភាព និងអាចប្រើជំនាញនោះដើម្បីជួយសង្គមបាន ព្រោះវាជាការងារដែលយើងត្រូវចំណាយពេលរៀនសូត្រច្រើនឆ្នាំ និងត្រូវប្រកបរបរមួយជីវិត។
ទន្ទឹមនឹងនេះលោកជំទាវទី១នៃកម្ពុជា បានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧បានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាគន្លឹះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដើម្បីកសាងកម្លាំងមនុស្សដែលមានទាំងចំណេះដឹង ជំនាញ សុខភាពល្អ សមត្ថភាពប្រកួតប្រជែង និងគុណធម៌។
ជាក់ស្តែងការអភិវឌ្ឍធនធានមនុស្ស មិនមែនចាប់ផ្តើមនៅពេលចូលធ្វើការនោះទេ ប៉ុន្តែចាប់ផ្តើមតាំងពីយុវជនចេះសួរដេញដោលខ្លួនឯងអំពីគោលដៅសិក្សា សមត្ថភាព និងការរួមចំណែកជួយគ្រួសារ និងសង្គមជាតិ។ មួយវិញទៀតប្រទេសជាតិមិនអាចរីកចម្រើនបាន ដោយពឹងផ្អែកតែលើអ្នកមានសញ្ញាបត្រសាកលវិទ្យាល័យនោះទេ ពោលគឺត្រូវការអ្នកមានជំនាញគ្រប់វិស័យ (វិស្វករ គ្រូពេទ្យ គ្រូបង្រៀន កម្មករជំនាញ សហគ្រិន ។ល។) ដែលធ្វើការដោយភាពស្មោះត្រង់ និងមានមោទនភាពលើអាជីពរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបានផ្តល់នូវអនុសាសន៍ចំនួន ៥ សម្រាប់សិស្ស–និស្សិតទាំងអស់គឺ៖
១៖ សូមជ្រើសរើសជំនាញសិក្សាដោយការយល់ដឹងរបស់ខ្លួនឯង មិនមែនតាមគេតាមឯង
២៖ សូមកុំមើលរំលងតម្លៃរបស់មុខជំនាញណាមួយ
៣៖ សូមរៀនឱ្យចេះ និងបន្តរៀនសូត្រជាប់ជាប្រចាំ
៤៖ សូមរក្សាសីលធម៌ សុជីវធម៌ គុណធម៌នៅក្នុងខ្លួនជានិច្ច
៥៖ សូមរក្សាស្មារតីដឹងគុណ និងការតបស្នង ពោលគឺជា កតញ្ញូជន ៕
