ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមផៃប៊ុនឈឿនត្រូវតែងតាំងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង, សន្តិបណ្ឌិតឡូយសុផាតត្រូវតែងតាំប្រធានកិត្តិយសចុះមូលដ្ឋានខេត្តស្ទឹងត្រែង វិញ

16

ស្ទឹងត្រែងឯកឧត្ដម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានកិត្តិយស និងប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង។

តាមរយៈសម្រេចសន្តិបណ្ឌិត ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល ត្រូវតែងតាំងជាប្រធានកិត្តិយសចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដោយឡែកឯកឧត្ដម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល ត្រូវតែងតាំងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង។ ពិធីនេះប្រព្រឹត្តទៅនៅស្នាក់ការគណបក្សខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្ដម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង បានលើកឡើងថា វឌ្ឍនភាពការងាររបស់គណបក្សខេត្ត និងការដឹកនាំអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមយុទ្ធសាស្ត្រនយោបាយ «យកប្រជាជនជាស្នូល» របស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដម សរ សុពុត្រា បានបន្តថា ភាពរីកចម្រើនជាក់ស្តែងក្នុងខេត្ត បានស្តែងឡើងយ៉ាងត្រចះត្រចង់តាមរយៈសមិទ្ធផលលើការងារគណបក្ស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺជាត្រីវិស័យតែមួយគត់ដែលបានបំប្លែងទឹកដីភូមិភាគឦសាននេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដោយធានាបាននូវការកសាងទំនុកចិត្ត និងការគាំទ្រយ៉ាងរឹងមាំពីមហាជនតាមរយៈសមិទ្ធផលពិតៗជាក់ស្តែង។

ឯកឧត្ដម សរ សុពុត្រា បានឱ្យដឹងថា គណបក្សខេត្តបានបើកវគ្គបំប៉ននយោបាយ និងការគ្រប់គ្រងទិន្នន័យមន្ត្រីសមាជិកបក្ស តាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីពង្រឹងសមត្ថភាព ការយល់ដឹងពីតួនាទីនិងស្មារតីទទួលខុសត្រូវក្នុងការបម្រើប្រជាពលរដ្ឋ និងទទួលស្វាគមន៍សមាជិកថ្មីជាបន្តបន្ទាប់ ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ បន្ទាប់ពីបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងនិងពលីកម្មពិតប្រាកដរបស់បក្សក្នុងបុព្វហេតុជាតិ។

ឯកឧត្ដមសោម សឿន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់បំផុតចំពោះស្មារតីទទួលខុសត្រូវ និងការលះបង់របស់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្ទឹងត្រែង។ និងបានកោតសរសើរនេះបានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗ និងយុទ្ធសាស្ត្រឆ្ពោះទៅមុខ ដោយបានលើកឡើងថា លទ្ធផលជោគជ័យនៃការបោះឆ្នោតកន្លងមក មិនអាចកាត់ផ្តាច់បានពីការដឹកនាំផ្ទាល់របស់ឯកឧត្ដម សន្តិបណ្ឌិត ឡូយ សុផាត និងឯកឧត្ដមផៃ ប៊ុនឈឿន នោះឡើយ ពីព្រោះបានខិតខំប្រឹងប្រែងរួមគ្នា យ៉ាងសកម្មក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ឱ្យមានការរីកចម្រើនជាលំដាប់។

ទន្ទឹមនឹងនោះ ឯកឧត្ដម សោម សឿន បានផ្តល់ការងារជាអាទិភាពសម្រាប់ខេត្តស្ទឹងត្រែង គឺការពង្រឹង និងជំរុញសមាជិកបក្សដែលទទួលបានអត្រា ៨០% ឱ្យបន្តធ្វើបច្ចុប្បន្នភាព និងពិនិត្យផ្ទៀងផ្ទាត់ក្នុងបញ្ជីឈ្មោះបោះឆ្នោត។

ជាមួយគ្នានេះលោកក៏ណែនាំឱ្យជំរុញប្រជាពលរដ្ឋគ្រប់អាយុឱ្យធ្វើអត្តសញ្ញាណបណ្ណ ដើម្បីចុះឈ្មោះបោះឆ្នោត ព្រមទាំងរៀបចំបញ្ជីបេក្ខជនផ្ទៃក្នុង និងធានាឱ្យមានបេក្ខជនស្រី្តយ៉ាងតិច ១នាក់ គ្រប់ឃុំ-សង្កាត់។ បន្តយកចិត្តទុកដាក់លើសមាជិកបក្សខេត្តស្ទឹងត្រែង (ជាខេត្តទី១៥) ដែលសម្រេចបានអត្រា ៨០% ឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់។

យកចិត្តទុកដាក់រៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពីផ្ទៃក្នុងបក្សឱ្យបានល្អប្រសើរ និងមានគុណភាព ដើម្បីធានាការគាំទ្រពីប្រជាពលរដ្ឋ ហើយយកព្រៀបឈ្នះ និងជ័យជម្នះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង