ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកសម្ពោធទីលានបាល់ទាត់ ទ្រូវីហ្សិន ប៊លលីស្ពត ជាមួយនិងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមទ្រូវីហ្សិន និងរដ្ឋបាលរាជធានីភ្នំពេញ

22

ភ្នំពេញ៖ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានបាល់ទាត់ ទ្រូវីហ្សិន ប៊លលីស្ពត (True Vision Bally Sport) ជាមួយនិងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមទ្រូវីហ្សិន និងរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនាល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ នៅក្នុងបរិវេណ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ អភិបាលរងតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញនិងឯកឧត្តម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ។

  ក្នុងឱកាសនោះ ឯកឧត្តម ហួត ហៃ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះគណៈគ្រប់គ្រងសាលារៀនអន្តរជាតិម្រូវីហ្សិនកម្ពុជា (True Vision Cambodia) ដែលបានរៀបចំបង្កើតឡើងនូវទីលានបាល់ទាត់ ដ៏ស្រស់ស្អាតប្រកបដោយគុណភាព និងស្តង់ដារខ្ពស់នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលនឹងក្លាយជាទីតាំងលេងកីឡាបាល់ទាត់ ដ៏ពេញនិយមសម្រាប់កីឡាករ-កីឡាការនី ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលស្រលាញ់កីឡាបាល់ទាត់យ៉ាងពិតប្រាកដ នាពេលខាងមុខ។

  ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីបានមានប្រសាសន៍ថា៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកីឡា ដ៏ស្រស់ស្អាត និងមានគុណភាពនៅក្នុងបរិវេណសាលាទ្រូវីហ្សិន កម្ពុជានាពេលនេះ គឺបានស្តែងចេញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្ត និងឆន្ទៈ យ៉ាងមោះមុតរបស់វិស័យឯកជន ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកីឡា សម្ដៅកសាងមូលធនមនុស្សប្រកបដោយសុខភាព និងសុខុមាលភាពល្អ, កាយសម្បទា មាំមួន, ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ, មានស្មារតីក្រុម, មានស្មារតីប្រកួតប្រជែងវិជ្ជមាន និងគំនិតច្នៃប្រឌិត។

  ឯកឧត្តម ហួត ហៃ បន្តថា៖ ទន្ទឹមនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីលានបាល់ទាត់ ទ្រូវីហ្សិន ប៊លលី ស្ពត (True Vision Bally Sport) នាពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយគណៈគ្រប់គ្រងទីលានបាល់ទាត់ ប៊លលី ស្ពត ទ្រូវីហ្សិន ក្នុងការរៀបចំនូវការប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមបាល់ទាត់ទ្រូវីហ្សិន ដើម្បីដកស្រង់បទពិសោធន៍ រឹតចំណងសាមគ្គីភាព លើកកម្ពស់កិច្ច សហប្រតិបត្តិការស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងចូលរួមអបអរសាទរ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីលានបាល់ទាត់ដ៏ស្រស់ស្អាតមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង