ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចបវរធិបតីហ៊ុនម៉ាណែត៖សមិទ្ធផលផ្លូវជាតិលេខ៧ផ្ដើមចេញពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន , សមិទ្ធផលនៃចំណងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងចិន មិនទាន់បញ្ចប់ត្រឹមកំណាត់ផ្លូវជាតិលេខ៧

19

កំពង់ចាម៖ថ្លែងចេញពីទឹកដីនៃខេត្ដកំពង់ចាម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សមិទ្ធផលផ្លូវជាតិលេខ៧ គឺផ្ដើមចេញពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧នេះ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តម្លៃប្រមាណ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «នេះគឺជាការសម្រេចដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលអាណត្ដិមុន ដែលសម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ដ្រី បានសម្រេចក្នុងការរៀបចំ»

បន្ថែមពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សមិទ្ធផលនៃទំនាក់ទំនងកម្ពុជា-ចិន មិនទាន់បញ្ចប់ត្រឹមកំណាត់ផ្លូវជាតិលេខ៧នេះឡើយ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ» ដោយបន្តផ្តល់អាទិភាពខ្ពស់ ចំពោះការអភិវឌ្ឍប្រព័ន្ធ ផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និង ផ្លូវអាកាស ស្របតាមទិស ស្លោក «មានផ្លូវ, មានសង្ឃឹម។

បើតាមសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត, កំណាត់ផ្លូវជាតិលេខ៧នេះ នឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងតំបន់ ភូមិសាស្ត្រសំខាន់ៗ, ក្នុងនោះចំណុចចាប់ផ្ដើម ផ្នែកខាងលិចនៃខ្សែផ្លូវនេះ នឹងតភ្ជាប់ជាមួយផ្លូវ ជាតិលេខ៦ ឆ្ពោះទៅកាន់ទិសដៅ រាជធានីភ្នំពេញ និង ទិសដៅខេត្តកំពង់ធំ-សៀមរាប។

តភ្ជាប់ត្រង់ចំណុច ផ្លូវបំបែកទីរួមស្រុកព្រៃឈរ ជាមួយផ្លូវជាតិលេខ ៦០ ឆ្ពោះទៅកាន់ផ្លូវជាតិ លេខ ៦, និង ជាមួយផ្លូវជាតិលេខ ៧០ ឆ្ពោះទៅកាន់ស្រុកកងមាស; ព្រមទាំង តភ្ជាប់ជាមួយផ្លូវ ជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើង ឆ្ពោះទៅកាន់ស្រុកចំការលើ, និង ផ្លូវជាតិលេខ ៧១ ស ឆ្ពោះទៅកាន់ស្រុកស្ទឹងត្រង់។
 ខណៈដែលផ្នែកខាងកើតនៃចុងបញ្ចប់ខ្សែផ្លូវនេះ នឹងតភ្ជាប់ជាមួយ ផ្លូវជាតិលេខ ៨ និង លេខ ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង; នឹងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ; ព្រមទាំង តភ្ជាប់ផ្លូវជាតិលេខ ៧៦ និង លេខ ៧៨ ឆ្ពោះទៅកាន់ភូមិ ភាគឦសាន រួមមាន ក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និង រតនគិរី៕

សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្តារ និងស្ថាបនា ឡើងវិញកាលពីឆ្នាំ១៩៩៩ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានទទឹង ៧ម៉ែត្រ និង ៩ម៉ែត្រ ដែលកាលនោះកំណាត់ផ្លូវនេះ រួមជាមួយនឹងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា សមិទ្ធផលនៃចំណងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងចិន មិនទាន់បញ្ចប់ត្រឹមកំណាត់ផ្លូវជាតិលេខ៧ ដែលទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនោះឡើយ ប៉ុន្តែនឹងបន្តរីកចម្រើនទៅមុខឥតឈប់ឈរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។ 

ការបញ្ជាក់បែបនេះរបស់សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូល ស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) មានតម្លៃប្រមាណ ១១៧លានដុល្លារ ដោយស្ថាបនាឡើងក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះសមិទ្ធផលនានា ដែលបានកើតមានឡើងនៅលើទឹកដីរបស់កម្ពុជា គឺបានប្រសូត្រឡើងពីជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧ គឺអាចនិយាយបានថាជានិមិត្តរូបនៃទំនាក់ទំនង និងការបន្តនៃចីរភាពទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ។ ពីព្រោះពិធីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ជាមួយលោក វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។ ចំណែកឯពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ថិតនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា ប៉ុន្តែសមិទ្ធផលនៅដដែលដោយបន្តដំណើរកសាងទៅមុខជានិច្ច។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «មិនចប់ត្រឹមតែការសម្ពោធផ្លូវជាតិលេខ៧ទេ មិញដូចឯកឧត្តម ប៉េង ពោធិ៍នា បានលើកគម្រោងឆ្នាំ២០២៦ ឆ្នាំ២០២៧ យើងធ្វើបន្តថែមទៀត។ មានកំណាត់ផ្លូវច្រើនថែម ទៀតត្រូវធ្វើ ហើយមួយផ្នែកធំកឺពីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន»។ 

បន្ថែមពីនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ» ដោយបន្តផ្តល់ អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធ ផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិស ស្លោក «មានផ្លូវមានសង្ឃឹម»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយបានផ្តល់ជំនួយសាងសង់ផ្លូវ និងស្ពានជាច្រើនដែលបានប្រទាក់ ក្រឡាទូទាំងប្រទេស។ ក្រៅពីផ្លូវជាតិលេខ៧ ក៏មានគម្រោងធំៗជាច្រើនទៀតដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម និងស្ពានជាច្រើនទៀត ដែលសុទ្ធសឹងជាសមិទ្ធផលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយឥតសំណង និងឥណទានសម្បទានជាបន្តបន្ទាប់ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ។

ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន ជាមិត្តភាពយូរអង្វែងដែលមានប្រវត្តិសាស្ត្រប្រមាណជាង ២០០០ឆ្នាំមកហើយ។ មិត្តភាពជាប្រពៃណីដ៏យូរលង់នេះ បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន គឺជាចំណងដែលមិនអាចកាត់ផ្ដាច់បាន ហើយនឹងបន្តរីកចម្រើនឥតឈប់ឈរទៅមុខទៀត។ សមិទ្ធផលដែលសម្រេចបានកន្លងមក គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលនឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ ស្របតាមស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន៕

អត្ថបទដែលជាប់ទាក់ទង