ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកក្កដា

18

ភ្នំពេញតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ តាន់ ស្រ៉ី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងលោកស្រីនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គបញ្ជាការដ្ឋានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ តាន់ ស្រ៉ី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន និងនាយឧត្ដមសេនីយ៍ តាន់ ស្រ៉ី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន នឹងមានជំនួបទ្វេភាគីសំដៅដាក់ចេញនូវវិធានការសកម្មភាពដើម្បីជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងទៅរវាងកងទ័ព នៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះ គឺជាជំហានថ្មីដ៏សំខាន់មួយទៀតដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អគ្គមេបញ្ញាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ីក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕

អត្ថបទដែលជាប់ទាក់ទង