កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌខណ្ឌឫស្សីកែវ ឃាត់ជនបរទេស ១៣នាក់ ករណីបង្ក្រាបទីតាំង Online Scams នៅបុរីវិមានភ្នំពេញ
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងស្នាក់នៅមួយកន្លែងក្នុងបុរីវិមានភ្នំពេញ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ដោយបានរកឃើញជនបរទេសសរុបចំនួន ១៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងបានបញ្ជាក់ថា ទីតាំងនេះពាក់ព័ន្ធនឹងសកម្មភាព Online Scams ពិតប្រាកដ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានធ្វើការតាមដាន និងឃ្លាំមើលទីតាំងសង្ស័យនេះអស់រយៈពេលជាច្រើនថ្ងៃ។ លុះទទួលបានព័ត៌មាន និងភស្តុតាងគ្រប់គ្រាន់ ទើបកម្លាំងចម្រុះចុះត្រួតពិនិត្យជាក់ស្តែងលើផ្ទះចំនួន ៥ខ្នង នៅក្នុងបុរីវិមានភ្នំពេញ។
សមត្ថកិច្ចបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១៣នាក់ ក្នុងនោះមានស្ត្រី ១នាក់ ហើយបន្ទាប់ពីការសាកសួរ និងពិនិត្យសម្ភារៈពាក់ព័ន្ធ កម្លាំងជំនាញបានបញ្ជាក់ថា ទីតាំងខាងលើ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។
បច្ចុប្បន្នជនបរទេសពាក់ព័ន្ធ រួមទាំងសម្ភារៈ និងវត្ថុតាងដែលដកហូតបាន ត្រូវបានប្រគល់ជូនកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវ និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ៕
