និស្សិតខ្មែរមួយរូបបញ្ចប់ការសិក្សាជំនាញថាមពលនុយក្លេអ៊ែរនិងទទួលបាននិទ្ទេស «ល្អណាស់» (Honors Degree) ពីសាកលវិទ្យាល័យលេខ១របស់រុស្ស៉ី
ម៉ូស្គូ៖លោក ឃឿន ចន្ទតូ មានស្រុកកំណើតនៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបញ្ចប់ការសិក្សាដោយជោគជ័យជាស្ថាពរ និងទទួលសញ្ញាបត្រផ្នែក Nuclear Power Engineering and Thermal Physics ពីសាលា National Research Nuclear University MEPhI ដែលជាសាកលវិទ្យាល័យលេខ១ លើវិស័យនុយក្លេអ៊ែរ របស់សហព័ន្ធរុស្ស៊ី។
អ្វីដែលកាន់តែពិសេសនោះគឺ លោកទទួលបាននិទ្ទេស «ល្អណាស់» (Honors Degree) ឬគេស្គាល់ថា សញ្ញាបត្រក្រហម (Red Diploma)។ សញ្ញាបត្រក្រហម (Red Diploma) ពីប្រទេសរុស្ស៊ី គឺជាសញ្ញាបត្រកិត្តិយសមួយដែលត្រូវបានផ្តល់ជូននិស្សិតដែលមានលទ្ធផលសិក្សាឆ្នើមបំផុត។ សម្រាប់និស្សិតបរទេស ការទទួលបានសញ្ញាបត្រនេះមិនត្រឹមតែជាមោទកភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍ដ៏មានឥទ្ធិពលមួយសម្រាប់ការអភិវឌ្ឍអាជីពនៅកម្រិតអន្តរជាតិផងដែរ។
សមិទ្ធផលដ៏គួរឱ្យមោទនភាពរបស់លោក ឃឿន ចន្ទតូ គឺជាសក្ខីភាពបង្ហាញថា យុវជនកម្ពុជាមានសមត្ថភាពអាចប្រកួតប្រជែងជាមួយនិស្សិតបរទេសផ្សេងៗទៀតមកពីជុំវិញពិភពលោក និងទទួលបានជោគជ័យនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតរបស់សកលលោក។ នេះមិនត្រឹមតែជាកិត្តិយសសម្រាប់រូបលោក និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់ប្រទេសជាតិ និងជាកម្លាំងជំរុញដល់យុវជនកម្ពុជាជំនាន់ក្រោយឱ្យបន្តស្វែងរកឧត្តមភាពក្នុងការសិក្សា និងការស្រាវជ្រាវលើឆាកអន្តរជាតិ ។
បង្កើតឡើងក្នុងឆ្នាំ១៩៤២ MEPhI គឺជាសាកលវិទ្យាល័យជាតិឈានមុខគេរបស់សហព័ន្ធរុស្ស៊ីលើវិស័យ នុយក្លេអ៊ែរ រូបវិទ្យា វិស្វកម្ម បញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ និងបច្ចេកវិទ្យាខ្ពស់។ សាកលវិទ្យាល័យនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយ Rosatom ដែលជាសាជីវកម្មថាមពលនុយក្លេអ៊ែររបស់រដ្ឋរុស្ស៊ី និងជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព។
ក្នុងអំឡុងពេលសិក្សា លោក ឃឿន ចន្ទតូ បានសម្រេចសមិទ្ធផលគួរឱ្យកោតសរសើរជាច្រើន។ លោកបានបញ្ចប់ការសិក្សាជាមួយ Red Diploma (សញ្ញាបត្រកិត្តិយស) ដែលជាកិត្តិយសខ្ពស់បំផុតសម្រាប់និស្សិតដែលមានលទ្ធផលសិក្សាឆ្នើម ព្រមទាំងទទួលបាន មេដាយកិត្តិយសពីសាកលវិទ្យាល័យ និង លិខិតសរសើរ សម្រាប់ភាពសកម្ម និងការរួមចំណែកក្នុងសកម្មភាពនិស្សិត។
សមត្ថភាពរបស់លោកក៏ត្រូវបានទទួលស្គាល់ក្នុងកម្រិតអន្តរជាតិផងដែរ។ លោកបានមានឱកាសទៅបំពេញទស្សនកិច្ចសិក្សានៅ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចំនួនពីរលើក និងបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើននៅ ប៊ុលហ្គារី កូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសចិន រួមទាំងសិក្ខាសាលាស្តីពី Green Energy Development for Cambodia នៅទីក្រុងប៉េកាំង និងសៀមិន ដែលផ្តោតលើការអភិវឌ្ឍថាមពលបៃតងសម្រាប់កម្ពុជា។
លោកក៏បានចូលរួមក្នុងវេទិកាវិទ្យាសាស្ត្រ និងយុវជនលំដាប់អន្តរជាតិជាច្រើន ដូចជា World Youth Festival, World Atomic Week, Young Scientists Congress, និង Obninsk Tech Winter School។ បន្ថែមពីនេះ លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញ Radiochemistry: Nuclear Waste Management នៅ Moscow State University និងវគ្គ Raising Safety Awareness of Nuclear Technologies រៀបចំដោយ Rosatom ដែលបានពង្រឹងជំនាញរបស់លោកលើសុវត្ថិភាព និងការគ្រប់គ្រងបច្ចេកវិទ្យានុយក្លេអ៊ែរ។
លោក ឃឿន ចន្ទតូ ក៏ជានាយកប្រចាំកម្មវិធី Inspire Talk Podcast នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស ដែលជាវេទិកាមួយសម្រាប់ចែករំលែកបទពិសោធន៍ ចំណេះដឹង និងរឿងរ៉ាវជោគជ័យពីសិស្ស និស្សិត អ្នកជំនាញ និងបុគ្គលឆ្នើមកម្ពុជា នៅទូទាំងពិភពលោក ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាព និងបំផុសគំនិតដល់យុវជនកម្ពុជាជំនាន់ក្រោយ។
ក្នុងនាមជាអ្នកស្រាវជ្រាវវ័យក្មេង លោកក៏បានធ្វើជាវាគ្មិនក្នុង International Scientific & Practical Conference – IV Youth Guber Readings និងទទួលបាន លិខិតថ្លែងអំណរគុណពីអគ្គនាយក Rosatom លោក Alexey Likhachev ចំពោះការរួមចំណែកក្នុងការរៀបចំ និងអនុវត្តសកម្មភាពសង្គមដ៏មានអត្ថន័យរបស់ MEPhI។ លោកក៏ជាជ័យលាភីនៃកម្មវិធី YouRussia Contest និង Obninsk Tech Winter School ព្រមទាំងជាសមាជិកនៃ MEPhI Mega Council ដែលជាស្ថាប័នតំណាងនិស្សិតក្នុងការអភិវឌ្ឍសកម្មភាពរបស់សាកលវិទ្យាល័យ។
ដោយផ្អែកលើលទ្ធផលសិក្សា និងសមិទ្ធផលដ៏លេចធ្លោទាំងនេះ លោក ឃឿន ចន្ទតូ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមកម្មវិធីអន្តរជាតិរួមនៅ ប្រទេសបារាំង និងប្រទេសអេស្ប៉ាញ ដែលជាជំហានថ្មីក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកជំនាញផ្នែកថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាទំនើបលំដាប់អន្តរជាតិ។
គួរបញ្ជាក់ផងដែរថា លោក ឃឿន ចន្ទតូ គឺជាបញ្ញវន្តកម្ពុជាមួយរូបដែលបានបញ្ចប់ការសិក្សាផ្នែក ថាមពលនុយក្លេអ៊ែរស៊ីវិល ក្នុងនាមជា និស្សិតជំនាន់ទី០៤ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា និងរុស្ស៊ី។ គម្រោងនេះមានគោលបំណងបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញឯកទេសខ្ពស់ លើវិស័យថាមពលនុយក្លេអ៊ែរស៊ីវិល ដើម្បីត្រៀមលក្ខណៈគាំទ្រដល់ការសិក្សា ការស្រាវជ្រាវ ការកសាងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅព្រះរាជាណាចក្រកម្ពុជានាពេលអនាគត ស្របតាមស្តង់ដារអន្តរជាតិ និងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព៕
