ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី គាំទ្រជំហរកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ

20

ភ្នំពេញ៖នាយឧត្តមសេនីយ៍ Tan Sri Dato’ Seri Haji Malek Razak bin Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបង្ហាញការគាំទ្រចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ។ មេទ័ពកំពូល របស់ម៉ាឡេស៊ី បានបញ្ជាក់បែបនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាឱ្យអគ្គមេ បញ្ជា ការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ 

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែង ការ ស្វា គមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន របស់នាយ ឧត្តមសេនីយ៍ តាន់ស្រី និង គណៈ ប្រតិភូក្នុង ដំណើរ បំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកដំណើរ ទស្សនកិច្ច នេះថា ជាផ្នែកនៃការរឹតចំណងមិត្តភាពរវាង ទំនាក់ ទំនងកម្ពុជា និងម៉ាឡេស៊ី និយាយជារួម ហើយនិយាយ ដោយឡែក គឺនៅក្នុងកិច្ចសហប្រតិបត្តិ ការកងទ័ព និងកងទ័ពរវាង ប្រទេស ទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន អបអរសាទចំពោះនាយឧត្តមសេនីយ៍ តាន់ស្រី ដែលបានតែង តាំង ជា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។

នាយឧត្តមសេនីយ៍ តានស្រី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបាន អនុញ្ញាត ឱ្យរូប លោក និងគណៈប្រតិភូ បានជួបសម្ដែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា។ 

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉េឡេស៊ី បានបង្ហាញអំពីទំនាក់ទំនងដ៏ល្អរវាង កម្ពុជា និងម៉ាឡេស៊ី ហើយទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ មកកាន់ប្រទេសកម្ពុជា នៅ ពេល នេះ ក៏បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំន ង ដ៏ល្អ រវាង គ្នា និងគ្នា។ ជាពិសេសនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបសម្តេចតេជោថា ក្នុងដំណើរ ទស្សនកិច្ចនៅកម្ពុជា លោកមានឱកាសជជែកជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ របស់ កម្ពុជា ដើម្បីធ្វើយ៉ាងណាពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ រវាងកម្ពុជា និងម៉ាឡេស៊ី។ 

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើង របស់នាយឧត្ត ម សេនីយ៍អគ្គមេបញ្ជាការ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី។ សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំនងដ៏ស៊ីជម្រៅ ជាពិសេសបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ា ឡេ ស៊ី មកកាន់ប្រទេសកម្ពុជាកាលពីពេលកន្លងទៅ ធ្វើឱ្យទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី កាន់តែមានភាពរីកចម្រើន។

សម្តេចតេជោ បានបន្ថែមថា ទន្ទឹមនឹងនេះកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏មានការ រីក ចម្រើន។ សម្ដេចតេជោ បានបង្ហាញការកត់សម្គាល់ថា ទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ រវាងកងទ័ព និងកងទ័ពនៃប្រទេសទាំងពីរ ក៏មានការរីកចម្រើន។ 

តាមរយៈនាយកឧមសេនីយ៍ តាន់ស្រី, សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ពេលនៅជាប្រធានអាស៊ាន បានខ្នះខ្នែងរកដំណោះស្រាយជុំវិញ ជម្លោះ ព្រំដែនកម្ពុជា និងថៃ។ ជាពិសេសក្នុងអាណត្តិ ម៉ាឡេស៊ី ធ្វើជាប្រធាន អាស៊ាន បាននាំ ឱ្យ មាន ការបង្កើតអ្នកសង្កេតការណ៍ IOT និង AOT។ សម្តេចតេជោ ហ៊ុន សែន បានចាត់ ទុក អ្នកសង្កេតការណ៍អាស៊ាន (AOT) ជាមរតកនៅពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ន។ 

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកអំពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ។ សម្ដេចតេជោ បានបញ្ជាក់ពីគោលជំហរ របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ ដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ តាន់ស្រី បានកោតសរសើរចំពោះ សម្ដេចតេជោថា ជា មេ ដឹក នាំមួយរូប ដែលលោកគោរព។ ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ ដែលបានប្រែ ក្លាយ ប្រទេសកម្ពុជា ពីប្រទេសដែលធ្លាប់មានសង្គ្រាមក្លាយ ជាប្រទេស មានការអភិវឌ្ឍ។

នាយឧត្តមសេនីយអគ្គមេបញ្ជាការ បានជម្រាបសម្តេចតេជោថា លោកពិតជាគោរពចំពោះ បទពិសោធន៍ និងការដឹកនាំរបស់សម្ដេចតេជោ ចំពោះការដោះស្រាយ បញ្ហារវាងកម្ពុជា និង ថៃ។ លោកគាំទ្រពេញទំហឹងចំពោះជំហរ របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា ព្រំដែន ជា មួយ ថៃ ដោយសន្តិវិធី៕

អត្ថបទដែលជាប់ទាក់ទង