ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាប្រើភាសាបារាំងអំពាវនាវភាគីកម្ពុជា-ថៃបន្ធូរបន្ថយភាពតានតឹងនិងដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ

18

ភ្នំពេញ៖សភាប្រើភាសាបារាំង បានអំពាវនាវឱ្យភាគី កម្ពុជា-ថៃ បន្ធូរបន្ថយភាពតានតឹង និងបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ ព្រមទាំងដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ ដោយគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុត។

យោងតាមសេចក្តីស្តីពីបូរណភាពទឹកដីនៃកម្ពុជា ដែលបានធ្វើឡើងបន្ទាប់ពីប្រជុំពេញអង្គនៅរដ្ឋធានីឃុនដេ (កាមេរូន) នៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦ តាមសំណើរបស់គណៈកម្មការនយោបាយ សភាប្រើភាសាបារាំងបានអំពាវនាវឱ្យភាគីទាំងពីរ គោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ក៏ដូចជាការគោរព តាមការប្តេជ្ញាចិត្តចំពោះសន្តិភាពប្រកបដោយនិរន្តភាព នៅតាមបណ្តោយព្រំដែន និងការជៀស វាងរាល់សកម្មភាពឯកតោភាគីណាមួយ ដែលអាចបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរ។

ជាមួយគ្នានេះ សភាប្រើភាសាបារាំងបានអំពាវនាវឱ្យមានការគោរពបទឈប់បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥។

សភាប្រើភាសាបារាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តភាពតានតឹង និងសកម្មភាពនានាដែលត្រូវបានរាយការណ៍ នៅក្នុងតំបន់ព្រំដែនក្រោមការកាន់កាប់ដោយប្រទេសថៃ ជាអាទិ៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងសាសនា ក៏ដូចជាគំនិតផ្តួចផ្តើម ក្នុងការបែងចែកដីធ្លី នៅក្នុងតំបន់ទាំងនោះ។

បន្ថែមពីនេះ សភាប្រើភាសាបារាំងបានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការរងទុក្ខវេទនារបស់ប្រជាជនស៊ីវិល ក៏ដូចជាការប៉ះពាល់ ឬការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជាកេរមរតករួមរបស់មនុស្សជាតិ តាមរបៀបមួយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យនៃសន្តិភាពយូរអង្វែង និងការផ្សះផ្សាជាតិ។

ទន្ទឹមគ្នានេះសភាប្រើភាសាបារាំងបានគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុត តាមរយៈយន្តការទ្វេភាគីទាំងអស់ដែល បានបង្កើតឡើង ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងស្មារតីនៃ កិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ និងគាំទ្រការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ដោយផ្អែកលើការទទួលស្គាល់គ្នាទៅវិញទៅមកលើអធិបតេយ្យ បូរណភាពទឹកដី និងភាពមិន អាចរំលោភបាននៃព្រំដែន ក៏ដូចជាការខណ្ឌសីមាព្រំដែន អនុលោមតាមក្របខ័ណ្ឌគតិយុត្ត ដែលបានកំណត់ដោយលិខិតុបករណ៍អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង