សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសចិន
ចិន៖នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋា ភិបាល កម្ពុជា អញ្ជើញដល់អាកាស យានដ្ឋានអន្តរជាតិប៉េកាំង ប្រទេសចិន។
ដំណើរអញ្ជើញដល់របស់សម្តេចមហាបវរធិបតី មានការអញ្ជើញ ទទួលស្វាគមន៍ពីសំណាក់លោកស្រី Hua Chunying អនុរដ្ឋមន្ត្រី ការ បរទេសចិន និងមន្ត្រីរបស់កម្ពុជាកំពុងបំពេញការងារនៅប្រទេស ចិន។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចការ ងារនៅប្រទេស ចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចការងារនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ យោងតាម ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាស ទស្សនកិច្ចនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះ ត្រចង់» នៅទីក្រុងសៀងហៃ នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល ឧបនា យក រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ទៀ សីហា ឧបនាយក រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងធុរ ជន កម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសស្នាក់នៅប្រទេសចិន សម្តេចមហាប វរ ធិប តី នាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និង ជួប ពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្រៅពីអញ្ជើញថ្លែង សុន្ទរក ថា នៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ហើយនោះ សម្តេចមហា បវរ ធិបតីនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនទៀត។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារនេះ ជាការគូស បញ្ជាក់ អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្ត ភាព ដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ ភាពជា ដៃ គូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
សូមបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសចិន ចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃ ទី ១៦ ខែកញ្ញា ឆ្នាំ២០២៣។
នៅចន្លោះពីថ្ងៃទី៦ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី បានអញ្ជើញទៅកាន់ ប្រទេស ចិនលើកទី២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១។ កិច្ចប្រជុំទាំងនេះ ប្រព្រឹត្តទៅនៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។
ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមអមដំណើរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសចិន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
បើតាមសមាគមឧកញ៉ាកម្ពុជា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចបវធិបតី ហ៊ុន ម៉ាណែត, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធាន និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ឱ្យដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា។
គណៈប្រតិភូនេះរួមមាន អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន, ឧកញ៉ា កង លាប និងលោក ម៉ សុទ្ធីវឌ្ឍ ដើម្បីអមដំណើរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅសាធារណ រដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនេះគណៈប្រតិភូក៏នឹងចូលរួមពិធីបើកសន្និសីទស្ដីពីបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ (World Artificial Intelligence Conference 2026) ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់»ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងនោះដែរ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជានឹងសម្របសម្រួលដឹកនាំគណៈប្រតិភូវិនិយោគិនចិនចំនួន ៦ក្រុមហ៊ុន ជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញវិនិយោគនិងពាណិជ្ជកម្ម ព្រមទាំងស្វែងរក កាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកការវិនិយោគនៅកម្ពុជា។
ដំណើរចូលរួមរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជានាពេលនេះ ឆ្លុះបញ្ចាំងពីការបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការទូតសេដ្ឋកិច្ចទាក់ទាញការវិនិយោគពីបរទេស ព្រមទាំងពង្រឹងភាពជាដៃគូរវាងវិស័យឯកជនកម្ពុជា និងសហគមន៍ធុរកិច្ចអន្តរជាតិ៕
