ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំងសាធារណរដ្ឋប្រជាមានិតចិននឹងពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍

59

ភ្នំពេញ៖រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង

សាធារណរដ្ឋប្រជាមានិតចិននឹងពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀត។

  ការបង្ហាញពីបំណងខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយឯកឧត្តម ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំងសាធារណរដ្ឋប្រជាមានិតចិន នៅសាលារាជធានីភ្នំពេញ។

   ឯកឧត្ដម ឃួង ស្រេង ក្នុងជំនួបសំដែងការគួសមនោះបានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានលើកបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

  ឯកឧត្ដមអភិបាលបានបន្តទៀតថា៖ កម្ពុជា និងចិន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាង៦០ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងការទូតដ៏ល្អនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ប្រទេសចិន។ 

  ឯកឧត្តម ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំងក្នុងជំនួបសម្តែងការគួរសមនោះ បានមានប្រសាសន៍លើកឡើងថា៖ គោលបំណងរបស់ប្រតិភូលោក អញ្ជើញមករាជធានីភ្នំពេញនាពេលនេះ គឺចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការល្អមួយជាមួយរាជធានីភ្នំពេញ ពិសេសចង់ជំរុញវិស័យទេសចរណ៍ និងលើកទឹកចិត្តក្នុងការនាំចូលផលិតផលផ្លែឈើរបស់កម្ពុជាទៅលក់នៅខេត្តហៃឡុងជាំង។ ឯកឧត្តមបានបន្តទៀតថា នៅខេត្តរបស់លោក វិស័យទេសចរណ៍នៅរដូវទឹកកក គឺបានភាពទាក់ទាញខ្លាំង ជាពិសេសនៅទីក្រុង ហាប៊ីន។ រីឯនៅកម្ពុជា មានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងតំបន់ទេសចរណ៍ជាច្រើនទៀត រួមទាំងរាជធានីភ្នំពេញ ដែលទាំងអស់នេះ រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំងគួរសហការគ្នាក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្លួន ដើម្បីជំរុញវិស័យទេសចរណ៍នៃទីក្រុងទាំងពីរឱ្យកាន់តែរស់រវើកថែមទៀត។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរង ក៏បានអញ្ជើញឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងសហការី ដើម្បីបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជាំងនារដូវទឹកកកខាងមុខនេះផង។ 

ឆ្លើយតបនឹងបំណងរបស់ឯកឧត្តមអភិបាលរងខេត្តហៃឡុងជាំង ដែលចង់ឱ្យមានទំនាក់ទំនងក្នុងភាពជាដៃគូ និងសហប្រតិបត្តិការល្អជាមួយគ្នាកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសលើវិស័យទេសចរណ៍ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីរាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង គួរពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់ក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា។ កិច្ចការបន្ទាប់ គួរចាត់មន្រ្តីជំនាញ ដើម្បីពិភាក្សាលម្អិតអំពីខ្លឹមសារនៃ MoU មុននឹងស្នើសុំការឯកភាពពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ដោយឡែក ឆ្លើយតបនឹងការអញ្ជើញរបស់ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមអភិបាលនឹងពិនិត្យលទ្ធភាព និងពេលវេលាសមស្រប ដើម្បីដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជាំងនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង