កូនខ្លាម្នាក់ទៀតដែលពាក់ព័ន្ធករណីហិង្សាយ៉ាងធ្ងន់ធ្ងរលើយុវជនម្នាក់នៅសង្កាត់ទន្លេបាសាក់ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួន
ភ្នំពេញ៖កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាកូនខ្លារបស់មេមានរហស្ស០៧ ពាក់ព័ន្ធករណីហិង្សាយ៉ាងធ្ងន់ធ្ងរលើយុវជនម្នាក់រហូតប្រកាច់ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសរូបនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី២៩ ខែកក្កដានេះ មានឈ្មោះ សែច័ន្ទ សេង ហៅ អាសេង អាយុ១៧ឆ្នាំ។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាងម៉ូតូមួយគ្រឿង ដែលជនសង្ស័យបានប្រើប្រាស់ក្នុងការធ្វើសកម្មភាពផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា នេះជាកូនខ្លាទី២ហើយ ដែលត្រូវចាប់ខ្លួន ក្រោយកូនខ្លាទី១ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែកក្កដា។
