ធ្លាក់យន្តហោះចម្បាំងអាមេរិក F-35 នៅរដ្ឋ California
វ៉ាស៉ីនតោន៖ មន្រ្តីអាមេរិកបានឱ្យដឹងថា យន្តហោះចម្បាំង F-35 ១គ្រឿង បានធ្លាក់កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅក្បែរមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង San Diego នៃរដ្ឋ California។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ហេតុការណ៍ខាងលើ បានកើតឡើងចំពោះយន្តហោះចម្បាំង F-35 ស៊េរី B របស់កងម៉ារីនអាមេរិក នៅក្នុងបរិវេណមូលដ្ឋានទ័ពអាកាស Miramar។ សំណាងល្អ អាកាសយានិកបានលោតចេញទាន់ពេល មុនយន្តហោះធ្លាក់ទៅបុកដី។ ពីឡុតម្នាក់នោះ ស្ថិតក្នុងស្ថានភាពនឹងនរ និងកំពុងទទួលការព្យាបាលរបួស ដែលមិនគំរាមកំហែងដល់អាយុជីវិតឡើយ។
គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Miramar គឺធ្លាប់បម្រើជាទីតាំងសាលារៀន Top Gun របស់កងទ័ពជើងទឹកអាមេរិក ដែលជាកន្លែងបណ្តុះបណ្តាលពីឡុតឆ្នើមៗ បំផុត និងត្រូវបានគេស្គាល់ទូលំទូលាយជុំវិញពិភពលោក តាមរយៈខ្សែភាពយន្ត Top Gun កាលពីឆ្នាំ១៩៨៦ ដែលសម្តែងដោយតារាហូលីវូដ Tom Cruise។
ដោយឡែក យន្តហោះចម្បាំង F-35B ដែលជាស៊េរីមានសមត្ថភាពហោះឡើងនិងចុះចតដូចឧទ្ធម្ភាគចក្រ គឺបើតាមក្រុមហ៊ុន Lockheed Martin ដែលជា អ្នកផលិតយន្តហោះបំបាំងកាយដ៏ទំនើបនេះ គឺមួយគ្រឿងតម្លៃខ្ទង់១០៩លានដុល្លារ៕
