ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ូទីអះអាងថាបានវាយប្រហារលើបណ្តាញដឹកជញ្ជូនប្រេងរបស់អារ៉ាប៊ីសាអូឌីត

49

សាន់ណា៖ ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងនៅថ្ងៃចន្ទថា ពួកគេបានកំណត់គោលដៅវាយប្រហារលើទីតាំងផ្គត់ផ្គង់ និងដឹកជញ្ជូនប្រេងឆៅដ៏សំខាន់ៗ ដែលតភ្ជាប់ពីភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត ទៅកាន់មជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់ យ៉ានប៊ូ (Yanbu) នៅសមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ្សា សារី (Yahya Saree) បានបញ្ជាក់ថា ប្រតិបត្តិការនេះគឺដើម្បីឆ្លើយតបទៅនឹងការជ្រៀតចូលដែនអាកាសយេម៉ែនដោយយន្តហោះដ្រូនបស់អារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណា ក្រុមហ៊ុនប្រេងរដ្ឋខ្នាតយក្ស Aramco មិនទាន់មានការឆ្លើយតបចំពោះការអះអាងនេះនៅឡើយទេ។

គួររំលឹកថា កន្លងមកអារ៉ាប៊ីសាអូឌីតបានបង្វែរការនាំចេញប្រេងរបស់ខ្លួនទៅកាន់ទីក្រុង Yanbu តាមរយៈបំពង់បង្ហូរប្រេង (East-West Pipeline) ដើម្បីគេចវេះពីការវាយប្រហាររបស់អ៊ីរ៉ង់នៅច្រកសមុទ្រហ័រមូស។ ប៉ុន្តែកាលពីសប្តាហ៍មុន ក្រុមហ៊ូទីបានប្រកាសបិទខ្ទប់ឧស្សាហកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហមបន្ថែមទៀត ដែលនេះជាការគំរាមកំហែងដល់ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់ទីពីរ និងធ្វើឱ្យតម្លៃប្រេងកាន់តែហក់ឡើងខ្ពស់។ ជាការឆ្លើយតប អារ៉ាប៊ីសាអូឌីតក៏បានបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានយោធារបស់ក្រុមហ៊ូទីនៅកំពង់ផែ Hodeidah ផងដែរ ដើម្បីការពារនាវាចរណ៍របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង