រដ្ឋបាលរាជធានីសាងសង់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ថ្មីនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សី, ធ្វើការស្តារប្រឡាយបាក់ទូក និងប្រឡាយអូវែង ដើម្បីឱ្យទឹកហូរបានលឿនរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ៖ក្នុងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹក គីឡូម៉ែត្រលេខ៩ថ្មីមួយទៀតស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីដែលមានសមត្ថភាពបូមរំដោះទឹកបាន៨,៣៤ម៉ែត្រគុប ក្នុង១វិនាទី។
ស្ថានីយបូមទឹកគីឡូលេខ៩បានចាប់ផ្តើមការសាងសង់ឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដោយការដ្ឋានសម្រេចបាន៩០%ហើយ គ្រោងភ្ជាប់ទុយោជាមួយស្ថាន៍យនៅមុនបុណ្យភ្ជំបិណ្ឌដើម្បីបូមទឹកទម្លាក់ចូលទន្លេនិងគ្រោងបញ្ចប់ការដ្ឋានទាំងស្រុងនៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ។
ស្ថានីយបូមទឹកនេះមាន ម៉ូទ័រ ៤គ្រឿង
ម៉ូទ័រ មុខកាត់១ម៉ែត្រ កំលាំងបូម ៩០០០ ម៉ែត្រគុប /ម៉ោង មានចំនួន២គ្រឿង។ ម៉ូទ័រ មុខកាត់ ០.៨ម៉ែត្រ កំលាំងបូម ៦០០០ ម៉ែត្រគុប/ម៉ោង មានចំនួន២គ្រឿងសរុបកំលាំងបូមទឹក ៣០,០០០ម៉ែត្រគុប/ ម៉ោង ឬ ៨,៣៤ ម៉ែត្រគុប/វិនាទី។
លោក គន់ សោភា ប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូនខណ្ឌឬស្សីកែវ
បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣សីហានេះថា៖ ស្ថានីយបូមទឹកគីឡូលេខ៩ មានតួនាទីបូមរំដោះទឹកចេញពីប្រឡាយបាក់ទូក ប្រឡាយអូវែង មកគីឡូម៉ែត្រលេខ៩។ ស្ថានីយបូមទឹកនេះ មិនត្រឹមតែរំដោះទឹកនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវប៉ុណ្ណោះទេ គឺបានរំដោះទឹកចេញខណ្ឌដូនពេញនិងខណ្ឌទួលគោកថែមទៀត។
លោក គន់ សោភា បានបន្តទៀតថា៖ ក្រៅពីកសាងស្ថានីយបូមទឹកគីឡូលេខ៩ជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តតាមការចង្អុលបង្ហាញជាប់ជាប្រចាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញអាជ្ញាធរខណ្ឌប្ញស្សីកែវនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការស្តារប្រឡាយបាក់ទូក និងប្រឡាយអូវែង ថែមទៀត ដើម្បីឱ្យទឹកបានហូរលឿនឆ្ពោះមកស្ថានីយបូមទឹកគីឡូលេខ៩។
ក្នុងនោះលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងដែរថា៖ ការស្តាប្រឡាយបាក់ទូក និងប្រឡាយអូរវែង ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បានអនុវត្តរយៈពេល១២២ ថ្ងៃមកហើយ ដោយចាប់ពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ជាលទ្ធផលប្រឡាយបាក់ទូកស្តាបានប្រវែង ៣,៥២០ម៉ែត្រ និងប្រឡាយអូរវែងស្តាបានប្រវែង ៣,៤៨០ ម៉ែត្រសរុបប្រវែង៧,០០០ ម៉ែត្រ។ ប្រើប្រាស់គ្រឿងចក្រ និងមធ្យោបាយ
១១គ្រឿង(រថយន្តបូមដឹកសំណល់ចេញ០៥ គ្រឿង,អ៊ិចស្កាវ៉ាទ័រដៃវែង០៣ គ្រឿង,អ៊ិចស្កាវ៉ាទ័រដៃខ្លី ០១គ្រឿង,សាឡង់០១គ្រឿង។ប្រឡាយទាំង២នេះជួយរំដោះទឹកភ្លៀងពេលមានភ្លៀងធ្លាក់ខ្លាំង ការពារការលិចលង់ និងជាទីតាំងយុទ្ធសាស្ត្រ ទទួលទឹកហូរធ្លាក់ពីស្ថានីយ៍បូមទឹកទួលគោក។
ជាមួយគ្នានេះដែរលោកម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណៈចុះពិនិត្យមើលប្រឡាយខាងលើនាព្រឹកថ្ងៃទី០៣សីហានេះបានមានប្រសាសន៍ឱ្យដឹងថា៖ខណះកំពុងប្រឡាយអូវែងឯកឧត្ដមអភិបាលរាជធានីភ្នំពេញឱ្យកសាងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ថែមទៀត វានឹងធ្វើឱ្យសង្កាត់គីឡូម៉ែត្រលេខ៦លែងប្រឈមមុខនិងការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតហើយ។
លោក ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងនាមប្រជាពលរដ្ឋ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានកសាងស្ថានីយបូមទឹកមួយនេះឡើង ដែលបានធ្វើឱ្យប្រជាពលរដ្ឋ លែងភ័យព្រួយពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត។ជាមួយគ្នានោះលោកចៅសង្កាត់ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ដែលរស់នៅជាប់ប្រឡាយ សូមចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច និងសូមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសការលិចលង់៕
