ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីរ៉ង់ច្រានចោលការអះអាងរបស់លោកត្រាំដោយបញ្ជាក់យ៉ាងច្បាស់ថា «គ្មានការចរចាណាមួយកើតឡើងទេ»

57

វ៉ាស៊ីនតោន៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានប្រកាសទាត់ចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបញ្ជាក់ថា មិនមានការចរចា ឬផែនការជួបប្រជុំណាមួយកំពុងប្រព្រឹត្តទៅជាមួយសហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីចុងសប្តាហ៍ លោក ត្រាំ បានប្រកាសលុបចោលផែនការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់នៅនាទីចុងក្រោយ ហើយបានអះអាងថា៖ «យើងកំពុងនិយាយជាមួយពួកគេ ក្នុងទម្រង់ជាការចរចា ដែលនឹងចាប់ផ្តើមនៅរសៀលថ្ងៃស្អែក»។ ការអះអាងនេះត្រូវបានលោកប្រើប្រាស់ជាសំអាង ដើម្បីពន្យល់ពីមូលហេតុដែលលោកមិនវាយប្រហារអ៊ីរ៉ង់ ដូចដែលលោកតែងតែធ្វើរហូតមកក្នុងរយៈពេល ៥ខែនេះ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានចេញមុខបដិសេធទាំងស្រុង ដោយបញ្ជាក់ថាគ្មានការចរចា ឬកិច្ចប្រជុំណាមួយត្រូវបានរៀបចំនោះទេ ហើយអ៊ីរ៉ង់ក៏គ្មានផែនការជួបជាមួយភាគីបរទេសនៅប៉ុន្មានថ្ងៃខាងមុខនេះដែរ។ លោកបញ្ជាក់ថា អ្នកចរចាអ៊ីរ៉ង់ទាំងអស់កំពុងស្ថិតនៅក្នុងប្រទេស លើកលែងតែរដ្ឋមន្ត្រីការបរទេសដែលកំពុងធ្វើធម្មយាត្រានៅអ៊ីរ៉ាក់ ខណៈការពិភាក្សាតែមួយគត់ដែលកំពុងប្រព្រឹត្តទៅ គឺកិច្ចសហការជាមួយអូម៉ង់ ជុំវិញការគ្រប់គ្រងច្រកសមុទ្រហ័រមូស ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រភពជាន់ខ្ពស់អ៊ីរ៉ង់ក៏បានបញ្ជាក់ប្រាប់ Reuters ដែរថា ពិតជាគ្មានគម្រោងចរចាជាមួយអាមេរិក ដូចការអះអាងរបស់លោក ត្រាំ នោះទេ។ ដំណឹងដែលលោក ត្រាំ ប្រកាសលុបចោលការវាយប្រហារ និងអះអាងថាមានការចរចាជាមួយអ៊ីរ៉ង់នោះ បានធ្វើឱ្យទីផ្សារអន្តរជាតិធូរស្បើយ និងរុញច្រានឱ្យតម្លៃប្រេងសកលធ្លាក់ចុះកាលពីពេលមុននេះ៕

អត្ថបទដែលជាប់ទាក់ទង