ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់គំរាមវាយរោងចក្រថាមពលរបស់បណ្ដាប្រទេសក្នុងតំបន់ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មី

41

គែរអ៉ីរ៉ង់ នៅចុងសប្ដាហ៍នេះបានគំរាមថានឹងបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មីណាមួយលើទឹកដីអ៉ីរ៉ង់ ដូចការគំរាមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំមែននោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

ការអត្ថាធិប្បាយបែបនេះរបស់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកមួយនៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ ជាមួយមន្ត្រីជាន់ខ្ពស់តួកគី ប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកងទ័ពកូវ៉ែតបាននិយាយថាខ្លួនបានបាញ់កម្ទេចដ្រូនជាច្រើនគ្រឿងរបស់អ៉ីរ៉ង់ដែលមានគោលដៅវាយប្រហារលើរោងចក្រសំខាន់ៗជាច្រើនរបស់ខ្លួន។ 

បើតាមគណនី Telegram របស់លោក Araqchi ថ្លែងទៅកាន់ប្រមុខកងទ័ពប៉ាគីស្ថាន លោក Asim Munir និងរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan លោកប្រមុខការទូតអ៉ីរ៉ង់បានកត់សម្គាល់ថាអ៉ីរ៉ង់នឹងធ្វើការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ទៅនឹងរាល់សកម្មភាពឈ្លានពាន ហើយបានពិភាក្សាអំពីផលវិបាកនៃសកម្មភាពបង្កអស្ថិរភាពរបស់សហរដ្ឋអាមេរិក ព្រមទាំងស្ថានការណ៍សន្តិសុខក្នុងតំបន់។ 

លោក Araqchi ក្នុងថ្ងៃសៅរ៍នោះដែរបានប្រាប់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan ថារាល់ការវាយប្រហារណាមួយពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ឬក៏មានការចូលរួមពីបណ្ដាប្រទេសក្នុងតំបន់ នឹងត្រូវជួបប្រទះការសងសឹកវិញយ៉ាងស័ក្តិសមរបស់អ៉ីរ៉ង់។ 

គួរបញ្ជាក់ថា បើតាមសារព័ត៌មានអាមេរិក Axios ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ និងបានបង្ហាញការព្រួយបារម្ភ ព្រមទាំងបានសាកសួរបញ្ជាក់ឱ្យច្បាស់អំពីផែនការរបស់សហរដ្ឋអាមេរិកចំពោះអ៉ីរ៉ង់។ Nournews ជាប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បាននិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធអ៉ីរ៉ង់នឹងជំរុញឱ្យអ៉ីរ៉ង់សងសឹកវិញដោយការវាយប្រហារលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងរោងចក្រឧស្ម័នរបស់កាតា និងអ៉ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង