សហរដ្ឋអាមេរិករំពឹងថានឹងមានកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឆាប់ៗ , តែក្រសួងការបរទេសអ៉ីរ៉ង់បានបដិសេធថាមិនមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិក
ឌូបៃ៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយនៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ថាកិច្ចព្រមព្រៀមជាមួយអ៉ីរ៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz អាចនឹងត្រូវបានចុះហត្ថលេខា ក្នុងពេលឆាប់ៗ ឬអាចនៅថ្ងៃពុធសប្ដាហ៍នេះតែម្ដង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ធ្វើការអត្ថាធិប្បាយនេះបែបនេះប្រាប់ទូរទស្សន៍អាមេរិក CNBC។ លោកបន្ថែមថាមានឱកាសមួយដែលសហរដ្ឋអាមេរិកអាចនឹងមាន កិច្ចព្រមព្រៀងមួយនៅប៉ុន្មានម៉ោងខាងមុខ ដែលនេះជាការបន្ទរតាមពីក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ត្រាំ នៅតែលើកឡើងជាដដែលៗអំពីសុទិដ្ឋិនិយម លាយឡំជាមួយការគំរាម ដោយព្រមានថាលោកបានផ្ដល់ឱកាសចុងក្រោយឱ្យអ៉ីរ៉ង់ ដើម្បីបញ្ចៀសកុំមហន្តរាយកើតឡើង។
ក្រសួងការបរទេសអ៉ីរ៉ង់បានបដិសេធថាមិនមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិក បើទោះជាលោក ត្រាំ ទទូចថាមានក៏ដោយ។ តែទោះជាបែបនេះក្ដី កាតាដែលកំពុងសម្របសម្រួល កិច្ចចរចាបានអះអាងថាកិច្ចប្រឹងប្រែងការទូតកំពុងមានភាពរីកចម្រើន ទោះជាមិនមានកិច្ចចរចាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ក៏ដោយ៕
