ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់គំរាមវាយក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សបើសហរដ្ឋអាមេរិកបើកការវាយប្រហារឡើងវិញ

51

Reuters៖អ៉ីរ៉ង់បានព្រមានបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សថាការវាយប្រហារជាថ្មីណាមួយរបស់សហរដ្ឋអាមេរិកលើទឹកដីរបស់ខ្លួន នឹងជំរុញឱ្យទីក្រុងតេហេរ៉ង់សងសឹកវិញ ជាមួយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅទូទាំងតំបន់ ខណៈអ៉ីរ៉ង់កំពុងព្យាយាមបង្កើនការព្រមានពីផលវិបាកនៃសកម្មភាពយោធាតាមរយៈការសម្លុតគំរាមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦។ 

ដោយផ្អែកលើប្រភពជាច្រើនដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Reuters បានឱ្យដឹងទៀតថាសារព្រមានរបស់អ៉ីរ៉ង់ត្រូវបានបញ្ជូនតាមរយៈការទំនាក់ទំនងការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់ ក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃទី២៨ ខែកក្កដាថានឹងវាយប្រហារលើបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់។ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ ២នាក់ មន្ត្រី២ ក្នុងតំបន់ឈូងសមុទ្រពែក្ស ព្រមទាំងអ្នកការទូតជាន់ខ្ពស់ម្នាក់ក្នុងតំបន់ដែលបានដឹងពីកិច្ចពិភាក្សា បាននិយាយថារដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអារ៉ាប៊ីសាអូឌីត តួកគី និងកាតា ព្រមទាំងជាមួយប្រមុខកងទ័ពប៉ាគីស្ថាន។ 

ក្នុងកិច្ចពិភាក្សាទាំងនោះ លោក Araqchi បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ចុះបញ្ចូលកុំឱ្យលោក ត្រាំ បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ភ្ជាប់ជាមួយការព្រមានការវាយប្រហារលើអ៉ីរ៉ង់នឹងជំរុញឱ្យមានការសងសឹកប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិក និងរោងចក្រថាមពលនៅទូទាំងតំបន់ឈូងសមុទ្រ។ សារព្រមានបែបនេះរបស់ លោក Araqchi ត្រូវបានបញ្ជូននៅគ្រប់ពេលនៅពេលដែលមានកិច្ចពិភាក្សាការទូត។ «យើងបានត្រៀមខ្លួនជានិច្ចដើម្បីសងសឹក ប៉ុន្តែការស្វែងរកដំណោះស្រាយការទូតគឺជាមធ្យោបាយមួយដ៏ល្អបំផុតដើម្បីបញ្ចៀសការកើនឡើងជម្លោះ និងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់»។ នេះជាសារព្រមានរបស់លោក Araqchi ដែលលោកតែងតែលើកឡើងគ្រប់ពេលក្នុងកិច្ចពិភាក្សាជាមួយសមភាគីរបស់លោក។ 

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ត្រូវបានរាយការណ៍ថាបានបើកកិច្ចពិភាក្សាភ្លាមៗជាមួយលោក ត្រាំ ដោយជំរុញឱ្យលោកប្រធានាធិបតីលុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយត្រឡប់ទៅរកកិច្ចចរចាវិញសំដៅសម្រេចឱ្យបាននូវបទឈប់បាញ់មួយ និងបន្តការដោះស្រាយបញ្ហាតាមរយៈការទូត។ រហូតដល់ថ្ងៃទី២ ខែសីហា ទើបលោក ត្រាំបានប្រកាសពីការលុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ដើម្បីបើកផ្លូវចរចាស្វែងរកកិច្ចព្រមព្រៀង និងតបតាមសំណើរបស់សម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់។ 

ការព្រមានរបស់អ៉ីរ៉ង់ផងដែរ មានបំណងបញ្ជូនទៅកាន់គ្រប់ប្រទេសទាំងអស់ក្នុងតំបន់ឈូងសមុទ្រពែក្ស ប៉ុន្តែសារទាំងនោះត្រូវបានផ្ញើជាពិសេសតាមរយៈអារ៉ាប៊ីសាអូឌីត និងកាតា។ កាតា អូម៉ង់ និងអារ៉ាប៊ីសាអូឌីតសុទ្ធតែបាន និងកំពុងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបើកកិច្ចចរចាឡើងវិញជាមួយតេហេរ៉ង់ និងបញ្ចៀសការវាយប្រហារឡើងវិញ ក្នុងពេលដែលក្រុមមន្ត្រីអ៉ីរ៉ង់ព្រមានថា ការវាយប្រហារជុំថ្មីណាមួយរបស់សហរដ្ឋអាមេរិកលើទឹកដីរបស់ពួកគេ អាចនឹងរុញច្រានឱ្យតំបន់ទាំងមូលធ្លាក់ចូលភ្លើងសង្រ្គាម៕

អត្ថបទដែលជាប់ទាក់ទង