ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

21

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាព ដើម្បីប្រកួតប្រជែង ,

ជាពិសេសអត់រៀន ក៏បានសញ្ញាបត្រដែរ 

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានថ្លែងក្រើនរំលឹកដល់គ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាព ដើម្បីប្រកួតប្រជែង ជាពិសេសអត់រៀន ក៏បានសញ្ញាបត្រ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តាសេដ្ឋកិច្ច និងសម្ពោធអគារសិក្សាកំពស់៦ជាន់ សមិទ្ធផលនានា។ 

សម្ដេចបវរធិបតី បានថ្លែងថា សាលាមិនមែនគ្រាន់តែកន្លែងផ្ដល់សញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែសាលាគួរតែជាកន្លែងដែលមានលក្ខខណ្ឌ និងរបៀបក្នុងការបង្រៀន ដែលធ្វើឱ្យសិស្សនិស្សិតអាចមានជំនាញមួយច្បាស់លាស់ ហើយអាចប្រើប្រាស់បាន។ 

សម្ដេច បានគូសបញ្ជាក់ថា «បើសិស្សគ្រាន់តែប្រើ Ai ហើយជាប់ដែរ នោះពេលទៅធ្វើការមិនកើតទេ។ កុំភ្លេចថាសិស្សម្នាក់ៗចេញទៅគ្មានជំនាញច្បាស់លាស់ នាំឱ្យប្រទេសជាតិមួយសម្បូរតែធនធានមនុស្សដែលខ្វះសមត្ថភាព»។

សម្ដេច ចង់ឃើញនិស្សិតដែលបានបញ្ចប់ការសិក្សាមានជំនាញច្បាស់លាស់ ឥរិយាបថល្អ ដើម្បីជាធនធានសម្រាប់ប្រទេសជាតិ។ សម្ដេច បានថ្លែងថា កុំរំពឹងតែនៅលើសញ្ញាបត្រ និងពិន្ទុល្អតែមួយមុខ ត្រូវផ្ដល់តម្លៃដល់ចំណេះដឹងពិតប្រាកដ និងចំណេះជំនាញដែលខ្លួនបានខិតខំ ដើម្បីអនាគតរបស់ខ្លួននៅពេលខាងមុខ។ 

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់និស្សិតទាំងអស់ ព្យាយាមស្រាវជ្រាវបន្ថែម ដោយពង្រឹងទៅលើជំនាញដែលខ្លួនមាន មួយក្ដី ពីរក្ដី ត្រូវតែចាប់យកហើយចេះឱ្យច្បាស់លើជំនាញមួយឬពីរនោះ។ 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចំពោះគុណភាពសិក្សា សាលាត្រូវកម្រិតលក្ខខណ្ឌក្នុងការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានច្បាស់លាស់មុននឹងណែនាំឱ្យនិស្សិតប្រើប្រាស់ ព្រោះយើងចង់ឱ្យមនុស្សធ្វើការងារ មិនមែនពឹងផ្អែកទាំងស្រុងលើ Ai នោះទេ។

សម្ដេច បានសង្កត់ធ្ងន់ថា៖ «បំណិនក្នុងខ្លួន បំណិនក្នុងមូលដ្ឋាន ត្រូវតែមាន បច្ចេកវិទ្យាជួយជំរុញបន្ថែម ហើយសូមឱ្យក្រសួងអប់រំពិនិត្យមើល និងស្នើដល់សាកលវិទ្យាល័យរដ្ឋ និងឯកជន ត្រូវស្រាវជ្រាវជាប្រចាំ ព្រោះធនធានមនុស្សគឺពឹងលើយើង ប្រទេសជាតិយើងពឹងលើយើង រដ្ឋាភិបាលបានដាក់គោលនយោបាយពង្រឹងធនធានមនុស្សហើយ តួអង្គជាក់ស្ដែងគឺគ្រឹះស្ថានអប់រំទាំងអស់»។ 

ជាមួយគ្នានេះ សម្ដេចបវរធិបតី បានបញ្ជាក់បន្ថែមថា គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន មិនត្រូវទម្លាក់គុណភាពនោះទេ ពោលគឺសិស្សមិនបានរៀនតែចេញសញ្ញាបត្រឱ្យ នេះជាបញ្ហាដែលត្រូវយកចិត្តទុកដាក់។ សម្ដេច មានប្រសាសន៍ណែនាំដល់គ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន តាំងពីថ្នាក់តូចរហូតដល់ធំ ត្រូវពង្រឹងឱ្យបានខ្ពស់ទាំងគុណភាព បំណិន និងឥរិយាបថ។ 

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា នៅពេលដែលគុណភាពសាលាល្អ សិស្សមានវិន័យ ក្រោយបញ្ចប់ការសិក្សាគាត់នឹងអាចទទួលបានឱកាសការងារដែលមានប្រាក់ចំណូលសមរម្យ ស្របតាមចំណេះជំនាញដែលគាត់មាន ជាពិសេសជាមនុស្សដែលមានការតស៊ូ ខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ខ្លួន៕ 

អត្ថបទដែលជាប់ទាក់ទង