ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ សាម ម៉ីជូ ផ្តល់សំណង ៦ម៉ឺនដុល្លារដល់គ្រួសារជនរងគ្រោះ, បើទោះបីជាមានការផ្តល់សំណងរួចរាល់ហើយក្តី ស្រ្តីរូបនោ៖នៅតែបន្តជាប់ឃុំក្នុងពន្ធនាគារដដែល ដើម្បីទទួលទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន

21

កំពង់ចាមឪពុករបស់ស្ត្រីឈ្មោះ សាម ម៉ីជូ ជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ បានសម្រេចផ្តល់សំណងចំនួន ៦ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រួសារជនរងគ្រោះ។

ការសម្របសម្រួល និងការផ្តល់សំណងនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ 

បើទោះបីជាមានការផ្តល់សំណងរួចរាល់ហើយក្តី សាម ម៉ីជូ នៅតែបន្តជាប់ឃុំក្នុងពន្ធនាគារដដែល ដើម្បីទទួលទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន។

គួររំលឹកដែរថា៖ស្ដ្រីអ្នកបើករថយន្ដបង្កឈ្មោះ សាម ម៉ីជូ ដែលបុកមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនស្លាប់ ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ។

ស្រ្តីរូបនេះត្រូវបានតំណាងអយ្យការ បានចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃនិងរត់គេចខ្លួន។ 

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៤៣៩៦ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក AVATR 11 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា V.C.8989 បានបុកម៉ូតូ ១គ្រឿង បណ្តាលឲ្យអ្នកបើកបរម៉ូតូសា្លប់។ 

ក្នុងករណីនេះ អ្នកបើកបររថយន្តឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន ប្រព្រឹត្តនៅ ចំណុចមុខផ្សារអីអន២ លើផ្លូវលេខ១០០៣ ភូមិបន្លាស្អិត សង្កាត់ឃួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ បទល្មើសខាងលើនេះ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជា ណាចក្រកម្ពុជា។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទឈ្មោះ សាម ម៉ីជូ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង