ក្រសួងអប់រំចេញបទប្បញ្ញត្តិសម្រាប់បុគ្គលិកអប់រំចំពោះការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិកក្នុងមណ្ឌលសំណេរសម្រាប់ការប្រឡងបាក់ឌុប
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ បានចេញបទប្បញ្ញត្តិសម្រាប់បុគ្គលិកអប់រំ ចំពោះការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកក្នុងមណ្ឌលសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦។
ក្រសួងអប់រំ បានបញ្ជាក់ថា បុគ្គលមានសិទ្ធយកទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលសំណេររួមមាន៖ គណៈមេប្រយោគទូទាំងប្រទេស, ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល, ប្រធានមណ្ឌល, ប្រធានសន្តិសុខប្រចាំមណ្ឌល, អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងប្រធានភ្នាក់ងារសុខាភិបាលប្រចាំមណ្ឌល។
បុគ្គលដែលគ្មានសិទ្ធិយកចូល និងប្រើប្រាស់រួមមាន៖ បេក្ខជនប្រឡង, អនុប្រធានសមាជិកអប្បមាទ និងជំនួយការអប្បមាទ, អនុប្រធានមណ្ឌល, គណៈកម្មការកណ្តាលអ្នកត្រួតពិនិត្យតាមអគារ និងអនុរក្ស, សមាជិកសន្តិសុខនិងបុគ្គលិកសុខាភិបាលប្រចាំមណ្ឌល៕
