ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅដោយឈរលើគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានគឺ «អ្នកចេះ គឺជាប់»
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ២០២៦ នៅវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់ មិនឱ្យយកប្រធានវិញ្ញាសាចេញពីបន្ទប់ប្រឡង ហើយមិនថតបង្ហោះឡើយ ដើម្បីធានាការជឿទុកចិត្ត និងមិនឱ្យមានភាពរញ៉េរញ៉ៃ ខណៈដែលវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវបានជ្រើសរើស តាក់តែងរៀបចំ និងគ្រប់គ្រងដោយ ក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់ការប្រឡងនៅឆ្នាំនេះ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាសន្លឹកក្រដាសចែកជូនបេក្ខជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ដំណាក់កាលសំណេរ គឺយើងហាមឃាត់ មិនឱ្យយកប្រធានវិញ្ញាសាចេញពីបន្ទប់ប្រឡង ហើយមិនថត មិនឱ្យបង្ហោះ ដើម្បីធានាការជឿទុកចិត្ត ហើយដើម្បីធានាថា មិនឱ្យមានភាពរញ៉េរញ៉ៃ។ ទីមួយ គឺសណ្ដាប់ធ្នាប់ ពង្រឹងវិន័យ មិនឱ្យមានភាពរញ៉េរញ៉ៃ ទីពីរ គឺយើងអនុវត្តម៉ឺងម៉ាត់បំផុត ចំពោះករណីណារំលោភ ទៅលើបទបញ្ជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បន្ដថា ដំណាក់កាលកំណែ គឺក្រសួងអប់រំ ពង្រឹងការកែវិញ្ញាសា ដើម្បីឱ្យកាន់តែសុក្រិតភាព ហើយដំណាក់កាលបញ្ជូនពន្ទុ គឺពិនិត្យឡើងវិញម្ដងហើយម្ដងទៀត។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅដោយឈរលើគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់»។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏សូមអំពាវនាវដល់បេក្ខជនទាំងអស់ គោរពបទប្បញ្ញត្តិនៃការប្រឡង ឱ្យបានម៉ឺងម៉ាត់ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជនដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃទី ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨ នាក់។
គួរឱ្យដឹងថា ចំពោះទិដ្ឋភាព ទាក់ទងនឹងសន្តិសុខសណ្តាប់ធ្នាប់ ជុំវិញបរិវេណមណ្ឌលប្រឡងទាំងអស់នៅរាជធានីភ្នំពេញ ត្រូវបានរៀបចំយ៉ាងល្អប្រសើរ ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច ក្រោមការយកចិត្តទុកដាក់និងណែនាំ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសការផ្ញើកង់-ម៉ូតូនៅតាមបណ្ទលប្រឡង ដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ច មិនត្រូវបានបង់ប្រាកឡើយ។
នាព្រឹកនេះ ដំណើរការ សំណេរ មានសកម្មភាពឆែកប្រមូលសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជនដោយគណៈកម្មការអនុរក្ស។
សូមជម្រាបថា ការប្រឡងបាក់ឌុប ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ តាមមណ្ឌលសំណេរនីមួយៗ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរ មានចំនួនសរុប ២៤៤មណ្ឌល ស្មើនឹង ៦ ១០៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន ៦៨ មណ្ឌល ស្មើនឹង ១ ៥២៦ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៧៦ មណ្ឌល ស្មើនឹង ៤ ៥៧៨ បន្ទប់។ ចំណែកឯ មណ្ឌលកំណែ មានចំនួន១០មណ្ឌល ស្ថិតនៅរាជធានីភ្នំពេញ៕
