ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែសីហាខាងមុខនេះ

50

ភ្នំពេញ៖យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ខាងមុខនេះ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្ដិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្ដិវិធី»។ 

សន្និសីទនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីប្រទេសនៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន។ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ទ្រង់សព្វព្រះរាជហឫទ័យ នឹង ប្រោសប្រទាននូវព្រះរាជសាររបស់ព្រះអង្គក្នុងកម្មវិធីបើកនៃសន្និសីទនេះ។ នៅក្នុងកម្មវិធីនេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ISC-2, លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភា ប៉ាគីស្ថាន, និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឥស្សរជន ថ្នាក់ដឹកនាំជាតិ និងអន្តរជាតិជាច្រើន នឹងចូលរួមថ្លែងសុន្ទរកថា ដើម្បីចែករំលែកនូវចក្ខុវិស័យ ក្នុងការពង្រឹងការទូតសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពយូរអង្វែង ដែលជាតម្រូវការបន្ទាន់សម្រាប់ពិភពលោកបច្ចុប្បន្ន ដែលកំពុងប្រឈមទៅនឹងភាពមិនប្រាកដប្រជានិង ការវិវត្តប្រែប្រួលឆាប់រហ័ស។

នៅកិច្ចប្រជុំពេញអង្គនៃសន្និសីទ ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី នឹងធ្វើជាសហប្រធាននៃកិច្ច ពិភាក្សាទូទៅ។ 

ជាមួយគ្នានេះ លោក លោកស្រី ប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ នឹងឡើងថ្លែងសុន្ទរកថាផ្លាស់ប្តូរទស្សនវិស័យ ចំណេះដឹងបទពិសោធ ដ៏មានតម្លៃ និងធាតុចូល សំដៅដោះស្រាយបញ្ហាប្រឈមដ៏ស្រួចស្រាល់ ដែលពិភពលោកកំពុងជួបប្រទះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក៏នឹងថ្លែងសុន្ទរកថាពិសេស ក្នុងកិច្ចប្រជុំពេញអង្គផងដែរ៕

អត្ថបទដែលជាប់ទាក់ទង