បើកយុទ្ធនាការផ្សព្វផ្សាយ ជំរុញការប្រើប្រាស់ស្រោមអនាម័យ ឱ្យបាន១០០ភាគរយ និងបញ្ចៀបការយល់ដឹង ពីវិធានការបង្ការ ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាមរោគ
ភ្នំពេញ៖ ក្នុងយុទ្ធនាការផ្សព្វផ្សាយ ជំរុញការប្រើប្រាស់ស្រោមអនាម័យ ឱ្យបាន១០០ភាគរយ និងបញ្ចៀបការយល់ដឹង ពីវិធានការបង្ការ ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាមរោគ នៅលើផ្លូវថ្មើរជើងចតុមុខ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ គឺជាការចូលរួមគ្រប់ពហុវិស័យ និងជាចរន្តតែមួយ។
លោកវិជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ថា កម្ពុជា ត្រូវបានអង្គការសហប្រជាជាតិ ប្រកាសទទួលស្គាល់ជាប្រទេស ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ទទួលបានជោគជ័យ ក្នុងការសម្រេចបានគោលដៅ ៩៥-៩៥-៩៥ មុនកាលកំណត់ជាជោគជ័យ នៃការឆ្លើយតបមេរោគអេដស៍ នៅកម្ពុជា។ ទោះជាយ៉ាងណា យើងទាំងអស់គ្នានៅតែបន្ត បេសកម្ម និងរក្សាសមិទ្ធផល ដែលទទួលបាននេះ ជារៀងរហូត។ លទ្ធផលនេះ ជាភស្តុតាងស្តែង ចេញពីប្រសិទ្ធិភាពនៃការដឹកនាំ និងការអនុវត្តគោលនយោបាយរបស់កម្ពុជា ។
លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា យុទ្ធនាការនេះ ធ្វើឡើងដើម្បីជំរុញឱ្យប្រើប្រាស់ស្រោមអនាម័យ ១០០ភាគរយ និងបញ្ជ្រាបការយល់ដឹង ពីវិធានការបង្ការការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ ទៅដល់បងប្អូន យុវជន សារធារណជនទូទៅ ឱ្យយយល់ច្បាស់ ពីហានិភ័យនៃមេរោគអេដស៍ ចូលរួមក្នុងការបង្ការទប់ស្កាត់ ការចម្លងមេរោគអេដស៍ ពីដៃគូរួមភេទ ដោយជម្រុញអោយប្រើប្រាស់ ស្រោមអនាម័យឱ្យបាន១០០ភាគរយ រួមនិងវិធីសាស្ត្របង្ការផ្សេងៗទៀត មានឱសថ PrEP, PEP ។ ប្រសិនបើសង្ស័យផ្ទុកមេរោគអេដស៍ សូមទៅធ្វើតេស្តរកមេរោគអេដស៍ នៅមន្ទីរពេទ្យ មណ្ឌលសុខភាព អង្គការជាដៃគូតាមសហគមន៍ និងអាចកក់យកកញ្ចប់ ធ្វើតេស្តដោយខ្លួនឯង តាមFood Panda ដែលដឹកជូនដល់ទីតាំងបាន ។ ស្រោមអនាម័យ អាចបង្ការការឆ្លងមេរោគអេដស៍ កាមរោគ និងការមានផ្ទៃពោះដោយចៃដន្យ។
ក្នុងឱកាសនោះឯកឧត្ដម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញ បានបញ្ជាក់ថា កត្តាជោគជ័យសម្រេចគោលដៅ ៩៥-៩៥-៩៥ មុនកាលកំណត់ បានមកពីការឆ្លើយតបរួមគ្នា ជាពហុវិស័យព្រមៗគ្នាជាធ្លុងមួយ រួមកម្លាំងគ្នា បង្កើតជាចរន្តជាតិតែមួយ ទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងឈានទៅបញ្ចប់អេដស៍ ស្របតាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ ២០២៣-២០២៨។ ជាមួយគ្នានេះ ត្រូវរួមគ្នាលប់បំបាត់ការមាក់ងាយរើសអើង ដល់អ្នកផ្ទុកមេរោគអេដស៍ ដែលជាសារមួយមានឥទ្ធិពលបំផុត ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍។
លោកអភិបាលរង បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុងអណត្តិទី៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុក ការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជាការងារអាទិភាព ។
ក្នុងយុទ្ធនាការនេះ ឯកឧត្ដមអភិបាលរង ក៏បានអំពាវនាវឱ្យចូលរួមជាធ្លុងមួយ បង្ការទប់ស្កាត់ការរីករាលដាល មេរោគអេដស៍ជំងឺអេដស៍ តាមរយៈពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយ អំពីមេរោគអេដស៍ ជំងឺអេដស៍ឱ្យបានទូលំទូលាយ ដល់ប្រជាជនទូទៅ ស្ត្រីមានផ្ទៃពោះ ក្រុមប្រឈម ជាពិសេសក្រុមយុវវ័យ ឱ្យយល់ដឹងពីហានិភ័យ នៃការចម្លងមេរោគអេដស៍ និងប្រញាប់ធ្វើតេស្តរកមេរោគអេដស៍ ឱ្យទាន់ពេលវេលា ក្នុងករណីមានការសង្ស័យ នៅតាមមូលដ្ឋានសុខាភិបាល និងនៅសហគមន៍ ចូលរួមលប់បំបាត់ការមាក់ងាយរើសអើង បញ្ញាបការយល់ ដឹងមេរោគអេដស៍ ជំងឺអេដស៍ ។
ជាមួយគ្នានេះ ឯកឧត្ដម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យធ្វើយុទ្ធនាការខាងលើនេះ គឺជាការរំលឹកឡើងវិញ ដើម្បីឆ្លើយតបនូវបំណងប្រាថ្នា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថាត្រូវបញ្ចប់អេដស៍ ក្នុងឆ្នាំ២០៣០ មានន័យថា បន្ថយពី៣នាក់ មកត្រឹមម្នាក់ ដោយប្រើប្រាស់ស្រោមអនាម័យ ឱ្យបានទៀងទាត់ ខណៈកន្លងមកនេះ ដោយសារតែការប្រើស្រោមអនាម័យ អាចបញ្ជៀសការចម្លងមេរោគអេដស៍ បានច្រើនណាស់ រហូតទៅដល់កន្លះលាននាក់ គឺមិនឆ្លងអេដស៍ទេ ដែលជាពិតជាជោគជ័យខ្លាំងមែនទែន ។
បន្ថែមលើនេះ ឯកឧត្ដមបានអបអរសាទរ បន្ទាប់ពីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៩ នៅទូទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ។
គួរឱ្យដឹងដែរថា ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលដៅ ៩៥.៩៥.៩៥ នៅឆ្នាំ២០៣០ មានន័យថា ៩៥%ទី១ នៃអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានធ្វើរោគវិនិច្ឆ័យ ។ ៩៥%ទី២ នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យ បានទទួលសេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ ៩៥%ទី៣ នៃអ្នកបានទទួលសេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍ត្រូវបានបង្ក្រាប។
សូមរំលឹកថា ប្រទេសកម្ពុជា រកឃើញមេរោគអេដស៍ ជាលើកដំបូងនៅឆ្នាំ ១៩៩១។ នៅសម័យនោះប្រជាជន មិនទាន់មានការយល់ដឹង ពីមេរោគអេដស៍នៅឡើយ។ ក្រោមម្លប់សន្តិភាព និងប្រកបដោយការអភិវឌ្ឍជាប់ជាប្រចាំ ក្នុងរយៈពេលជាង៣០ឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបការរីករាល នៃមេរោគអេដស៍ប្រកបដោយជោគជ័យ៕


