ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស សុខា ទុកពេល៤៨ម៉ោង ឱ្យបុគ្គលប្រើហិង្សានៅកន្លែងផឹកស៊ី ចូលខ្លួនទទួលទោស ខណៈកំពុងគេចខ្លួនទៅវៀតណាម

28

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទុកពេល៤៨ម៉ោងឱ្យបុគ្គលឈ្មោះ ឆេង ភារុណ ចូលខ្លួនទទួលទោស។

ឆេង ភារុណ ជាជនដៃដល់ប្រើហិង្សាយកដប់ប៊ីយៀវាយក្បាលអ្នកដទៃនៅកន្លែងផឹកស៊ី។ បុគ្គលនេះកំពុងរត់គេចខ្លួនទៅប្រទេសវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា «តាមរយៈបណ្ដាញទំនាក់ទំនងសង្គមនេះ ខ្ញុំសូមផ្ញើសារណែនាំទៅកាន់ លោក ឆេង ភារុណ ដែលប្រព្រឹត្តអំពើហិង្សា ដោយយកដបស្រាវាយក្បាលជនរងគ្រោះ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នោះ សូមលោកមានភាពក្លាហាន និងស្មារតីភ្ញាក់រលឹក ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់»។ 

លោកបន្ថែមថា «ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំទុករយៈពេល៤៨ម៉ោង ឱ្យចូលខ្លួនមកសារភាព និងអនុវត្តនីតិវិធីជាមួយសមត្ថកិច្ច។ ក្នុងន័យនេះ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យក្រុមគ្រួសារ និងមិត្តភក្ដិលោក ឆេង ភារុណ ជួយផ្ដល់ព័ត៌មាន និងពន្យល់ណែនាំបន្ថែម»។ 

លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយលើករណីនេះ លោកបានទាក់ទងដោយផ្ទាល់ ទៅកាន់លោក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលនេះ។

«ក្នុងរយៈពេលដូចខ្ញុំបានបញ្ជាក់ខាងលើ សូមលោក ឆេង ភារុណ បើកំពុងនៅក្នុងប្រទេសវៀតណាម ត្រូវប្រញាប់វិលចូលមាតុប្រទេសដោយខ្លួនឯង និងសូមកុំព្យាយាមពួនសំងំ ឬប៉ុនប៉ងធ្វើដំណើរបន្តទៅប្រទេសណាមួយ ពីព្រោះលោកប្រាកដជាដឹងច្បាស់ហើយថា គ្មានថ្ងៃអាចរួចខ្លួននោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រី។

លោក ស សុខា បានជម្រាបជូនជនរួមជាតិថា ក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រូបលោកដាច់ខាត មិនអនុញ្ញាតឱ្យជនល្មើស រួមទាំងករណីប្រព្រឹត្តអំពើហិង្សាខាងលើនេះ រួចផុតពីសំណាញ់ច្បាប់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង