រាជធានីភ្នំពេញទទួលបានពានរង្វាន់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ «ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពសកម្មនិងលើកកម្ពស់សុខភាពការជំរុញសុខភាពនិងកាត់បន្ថយវិសមភាពក្នុងការធ្វើដំណើរនៅទីក្រុង»
ភ្នំពេញ-ស៊ីដនី៖ពានរង្វាន់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង”។
នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នាទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួម “សន្និសិទ្ធពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង” (The 11th Global Conference of the Alliance for Healthy Cities and the 2026 WHO Healthy Cities Recognition Awards)។
ពីទីក្រុងស៊ីដនី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្នាំនេះរាជធានីភ្នំពេញ ពិតជាទទួលបានកិត្តិយសយ៉ាងធំធេង ដែលអង្គការសុខភាពពិភពលោក បានការធ្វើវាយតម្លៃ និងផ្តល់ជាពានរង្វាន់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន តាមរយៈការកែលម្អ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ការពង្រឹងប្រព័ន្ធអប់រំ និងសុខាភិបាលនៅថ្នាក់មូលដ្ឋាន ការអភិវឌ្ឍប្រព័ន្ធចរាចរណ៍ និងដឹកជញ្ជូន តាមរយៈការរៀបចំឱ្យមានរថយន្តក្រុងសាធារណៈ និងការរៀបចំផែនការមេសម្រាប់ការងារដឹកជញ្ជូន និងការកាត់បន្ថយជាអតិបរមានូវអត្រាគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺមិនឆ្លង ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ មធ្យោបាយធ្វើដំណើរ និងសំណង់នគររូបនីយកម្មយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ។
លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា មិនមែនជាការចៃដន្យទេ ដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញត្រូវបានអង្គការពិភពលោកទទួលស្គាល់ និងផ្តល់នូវពានរង្វាន់នាពេលនេះទេ។ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (PHC) ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ សព្វថ្ងៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការអនុវត្តនូវគម្រោងធំៗមួយចំនួន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដោយជម្ងឺមិនឆ្លងដោយក្នុងនោះរួមមាន៖ គម្រោងលើកកម្ពស់ សុខុមាលភាព និងសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា, គម្រោងកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង និងគម្រោងគ្មានការបង្ហុយផ្សែងបារីនៅតំបន់ទេសចរណ៍ផ្លូវថ្មើរជើងចតុមុខជាដើម។ល។ គម្រោងខាងលើពិតជាបានរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការផ្តួចផ្តើមការកែប្រែទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អបរិយាកាសសង្គម និងការ កាត់បន្ថយនូវហានិភ័យនានាដែលប ង្កឡើ ង ដោយ ជម្ងឺមិនឆ្លង ដែលបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការងារគាំពារសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោកស្រីបានបន្តទៀតថា កាលពីឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេ ញ បានចាប់ផ្តើមដាក់ចេញ និងអនុវត្តសាកល្បងនូវគម្រោង “រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាគាំទ្រ ដើម្បីលើកកម្ព ស់សុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរ ដ្ឋនៅក្នុងមូលដ្ឋាន” ដោយបានជ្រើសរើសយកតំបន់សាលារៀនចំនួន ២ គឺ សាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម-វិទ្យាល័យហ៊ុនសែនចាក់អង្រែ ដែលជាច្រកចេញ-ចូលរាជធានីភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹក និងងាយបង្កជាហានិភ័យដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតំបន់នោះ។ នៅក្នុងការអនុវត្តគម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តោតនូវការអនុវត្តនូវវិធានការធំៗចំនួន ៣ គឺ៖ (១) ការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសសិ្ស និងប្រជាពលរដ្ឋគោលដៅ, (២) ការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់នូវបរិក្ខាគាំទ្រទំនើប រួមមាន៖ តម្លើងស្លាកសញ្ញា និងគំនូសចរាចរណ៍ ផ្ទាំងកំណត់ល្បឿនឆ្លាតវៃ ព្រមទាំងបំពាក់ប្រព័ ន្ធកាម៉េរ៉ាសុវត្ថិភាពជាដើម។ល។ (៣) ការពង្រឹងវិធានការតាមដាន ព្រមទាំងបន្តអនុវត្តនូវវិធានការដែលមានស្រាប់គឺ ការពង្រាយកម្លាំងសមត្ថកិច្ច និងភ្នាក់ងារចរាចរណ៍នៅតា មសាលារៀន ដើម្បីជួយសម្រួលចរាចរណ៍នៅក្នុងកំឡុងពេលម៉ោងសិស្សចូល និងចេញពីរៀន ដែលបានបញ្ចៀសនូវហានិភ័យបានយ៉ាងល្អប្រសើរ។ តាមរយៈកិច្ចការដែលបានអនុវត្តទាំងអស់នេះ ទើបរាជធានីភ្នំពេញត្រូវបានជាប់ក្នុងបញ្ជីនៃការប្រគល់ជូននូវពានរង្វាន់ប្រចាំឆ្នាំ២០២៦ នៃអង្គការសុខភាពពិភពលោកនាពេលនេះ។ សូមបញ្ជាក់ថា ៖ មានទីក្រុងជាង ១៥០ទីក្រុងមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកបានដាក់ពាក្យ ដេីម្បីទទួលបានការវាយតម្លៃ និងជ្រើសរើសប្រគល់ពានរង្វាន់នេះ ហើយទីក្រុងដែលជាប់មាន ចំនួន ៨ រាប់ទាំងរាជធានីភ្នំពេញ ផងដែរ៕

