ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេតុអ្វីទីក្រុងទាំង៨រួមទាំងរាជធានីភ្នំពេញទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦លើការកើនកម្ពស់សុខុមាលភាពទីក្រុង?

92

ភ្នំពេញ-ស៊ីដនី៖ហេតុអ្វីទីក្រុងទាំង៨រួមទាំងរាជធានីភ្នំពេញទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?។

នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ដោយទទួលបានការចាត់តាំងពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិចលោកស្រី ដោ សម្ផស្ស នាយករងររដ្ឋបាលសាលារាជធានីភ្នំពេញ រួមជាមួយទីក្រុង ៧ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការអនុវត្តគម្រោង ការដាក់ពាក្យស្នើសុំការវាយតម្លៃ រហូតទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក។

ពីទីក្រុងស៊ីដនី លោកស្រី ដោ សម្ផស្ស ក្នុងនាមជាប្រតិបត្តិករគម្រោងផ្ទាល់ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា លោកស្រីបានជម្រាបអង្គពិភាក្សាអំពីសាវតារឿងដែលកាលពីឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញទទួលបានគម្រោងលើកកម្ពស់សុវត្ថិភាពនៅតំបន់សាលារៀន ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការវាយថលស្រ្តាថិជី (Vital Strategies) តាមរយៈអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (Partnership for Healthy Cites)។ យើងបានធ្វើការជ្រើសរើសសាលាចំនួន២សម្រាប់អនុវត្តសាកល្បងនូវគម្រោង “សុវត្ថិភាពនៅតំបន់សាលារៀន” ដោយផ្តោតលើការរៀ​បចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខាគាំទ្រដើម្បីលើកកម្ព​ស់សុវត្ថិភាពធ្វើដំណើររបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងប្រជាពលរ​ដ្ឋនៅក្នុងមូលដ្ឋាន។ សាលារៀនទាំង ២ នោះរួមមាន៖ សាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម និងវិទ្យាល័យហ៊ុនសែនចាក់អង្រែដែលជាច្រកចេញ-ចូលរាជធានីភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹកនិងងាយបង្កជាហានិភ័យ។ នៅក្នុងការអនុវត្តគម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញបានផ្តោ​តនូវការអនុវត្តនូវវិធានការធំៗចំនួន៣រួមមាន៖ (១) ការចុះវាយតម្លៃ និងកំណត់កត្តាហានិភ័យនៃសុវត្ថិភាពចរាចរណ៍នៅជុំវិញសាលារៀនដោយប្រើប្រាស់វិធីសាស្រ្តវាយតម្លៃ iRAP (អាយរ៉ាប់) (Start Rating for Schools) (២) ការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់នូវបរិក្ខាគាំទ្រទំនើប រួមមាន៖ ​តម្លើងស្លាកសញ្ញានិងគំនូសចរាចរណ៍​ផ្ទាំងកំណត់ល្បឿនឆ្លាតវៃព្រមទាំងបំពាក់ប្រព័​ន្ធកាម៉េរ៉ាសុវត្ថិភាពជាដើម។ល។ (៣) ការពង្រឹងវិធានការតាមដា​ន ព្រមទាំងបន្តអនុវត្តនូវវិធានការដែលមានស្រាប់គឺការពង្រាយកម្លាំងសមត្ថកិច្ច និងភ្នាក់ងារចរាចរណ៍នៅតា​មសាលារៀន ដើម្បីជួយសម្រួលចរាចរណ៍នៅក្នុងកំឡុងពេលម៉ោងសិស្សចូល និងចេញពីរៀន ដែលបានបញ្ចៀសនូវហានិភ័យបានយ៉ាងល្អប្រសើរ។ (៤) លើកកម្ពស់ចំណេះដឹងនិងឥរិយាបថសុវត្ថិភាពចរាចរណ៍ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស និងសហគមន៍ និង(៥) បង្កើតគំរូកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយចីរភាពដើម្បីពង្រីកការងារសុវត្ថិភាពនៅតំបន់សាលារៀនបន្តទៀត។

 លោកស្រីអ្នកនាំពាក្យបានបន្តទៀតថានៅក្នុងខែមិថុនាឆ្នាំ២០២៦នេះ អង្គការសុខភាពពិភព

លោកបានប្រកាសជ្រើសរើសបេក្ខភាពក្នុងការអនុវត្តគម្រោងតាមប្រធានបទធំៗចំនួន៨ស្តីពីការលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦របស់ខ្លួន ហើយនៅពេលនោះរដ្ឋបាលរាជធានីភ្នំពេញបានជ្រើសយកគម្រោងសុវត្ថិភាពនៅតំបន់សាលារៀននេះទៅដាក់ពាក្យរួមជាមួយទីក្រុងប្រមាណជាង១៥០ទីក្រុងទៀតមកពីតំបន់អាស៊ីប៉ាស៊ីហ្វិច។ ក្រោយការសិក្សាវាយតម្លៃនិងដាក់ពិន្ទុយ៉ាងត្រឹមត្រូវតាមបច្ចេកទេសរបស់ខ្លួន អង្គការសុខភាពពិភពលោកបានសម្រេចជ្រើសរើសទីក្រុងចំនួន ៨ តំណាងឱ្យប្រធានបទទាំង ៨។ រាជធានីភ្នំពេញត្រូវបានផ្តល់ជូននូវពានរង្វាន់ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ស្តីពី “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង”​ តាមរយៈការអនុវត្ត “គម្រោងសុវត្ថិភាពនៅតំបន់សាលារៀន” ដែលពិធីប្រគល់ពានត្រូវបានធ្វើឡើងក្នុង “សន្និសិទ្ធពិភពលោកលើកទី១១របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុងនៅទីក្រុងស៊ីដនីប្រទេសអូស្រាលី៕

អត្ថបទដែលជាប់ទាក់ទង