ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន ហ៊ិននីគែន ប្រគល់ផ្ទះជូនគ្រួសាររងផលប៉ះពាល់ពីជម្លោះព្រំដែន២១គ្រួសារក្រោមគម្រោង «ផ្ទះថ្មីក្តីសង្ឃឹមថ្មី»

22

ព្រះវិហាត៖នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ រួមជាមួយក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានរៀបចំពិធីប្រគល់ និងទទួលផ្ទះជូនដល់គ្រួសាររងផលប៉ះពាល់ពីជម្លោះព្រំដែន ចំនួន ២១គ្រួសារ ក្រោមគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី»។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងនៅសាលប្រជុំសាលាស្រុកជាំក្សាន្ត ក្រោមអធិបតីភាពរបស់លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្ត និងមានការចូលរួមពីលោកស្រី Sophie (សូហ្វី) នាយិការសាជីវកម្ម នៃក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានថ្លែងគូសបញ្ជាក់ថា ការប្រគល់ផ្ទះជូនប្រជាពលរដ្ឋនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។

លោកបានបន្ថែមថា រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ឯកឧត្ដម គីម រិទ្ធី តែងតែខិតខំប្រឹងប្រែងធានាថា ប្រជាពលរដ្ឋដែលជួបការលំបាកទទួលបានការគាំពារ និងជំនួយសមស្រប។

លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត តាមរយៈគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» នេះ។ 
លោកថា ការចូលរួមនេះមិនត្រឹមតែផ្តល់ជាលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ក្តីសង្ឃឹមថ្មី និងភាពកក់ក្តៅដល់គ្រួសារដែលកំពុងប្រឈមនឹងការលំបាក ឱ្យមានលំនៅឋានសមរម្យឡើងវិញ។ ក្នុងពិធីនេះ គ្រួសារទាំង ២១ ទទួលបានផ្ទះមួយខ្នងៗ ព្រមទាំងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន រួមមាន៖ អង្ករ ៥០គីឡូក្រាម មុង ៣ តង់ពណ៌ខៀវ ៣ អំពូលសូឡា ១ឈុត អំបោស ១ និងប្រដាប់ចូកសម្រាម ១។

ការផ្តល់ជំនួយនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការចែករំលែកដ៏ប្រពៃក្នុងសង្គមខ្មែរ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារជីវភាព និងពង្រឹងភាពធន់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង