ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហ៊ុនម៉ានីចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖គុណតម្លៃ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់តាមរយៈការចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុនដល់កម្លាំងបន្តវេន

18

ភ្នំពេញ៖ឯកឧត្ដម ហ៊ុន ម៉ានី អគ្គលេខា នៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»ជាវេទិកាដើរតួជាស្ពានផ្សាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីបំពេញបន្ថែមជាមួយថាមពល និងនវានុវត្តន៍របស់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលជាកម្លាំងបន្តវេនដឹកនាំពង្រឹងវិបុលភាព និងធានាអនាគតប្រទេសជាតិ។ 

ឯកឧត្ដម ហ៊ុន ម៉ានី បានថលែងបែបនេះ ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»ក្រោមប្រធានបទ «វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ» នៅសាលប្រជុំ នៃវិមាន ៧ មករា នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

ផ្សាភ្ជាប់នឹងការលើកឡើងខាងលើនេះឯកឧត្ដមបានមានគូសបញ្ជាក់ថាបទពិសោធ និងពុទ្ធិរបស់ថ្នាក់ដឹកនាំជាចាស់ទុំ គឺជា «មេរៀន» ដែលគ្មានសាលា អាចបង្រៀនបានពេញលេញនោះទេ លុះត្រាតែយើងទទួលបានឱកាស ដើម្បីស្តាប់ និងរៀន សូត្រផ្ទាល់ពី «សាក្សីរស់» នៃប្រវត្តិសាស្ត្រ។ ការចែករំលែកនូវបទពិសោធជាក់ស្តែងនេះ ពិសេសមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រង ការដឹកនាំ និងការដោះស្រាយបញ្ហា បានផ្តល់ឱកាសដល់ថ្នាលយុវជនបក្សជំនាន់ក្រោយ បានដឹងឮ និងសន្ទនាដោយផ្ទាល់ ពាក់ព័ន្ធនឹងដំណើរប្រវត្តិសាស្រ្តរបស់កម្ពុជា។  

ឯកឧត្ដមបានបន្ថែមថា វេទិកានេះជាការបណ្តុះមនសិការ និងការដឹងគុណ ក៏ជាយន្តការសម្រាប់ដាស់តឿន ស្មារតីយុវជនជំនាន់ក្រោយឱ្យបានយល់ច្បាស់អំពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំ ក្នុងបុព្វហេតុគណបក្ស ជាតិ និងប្រជាជន ព្រមទាំងជាការចូលរួមពង្រឹងទស្សនៈឯកភាពបក្ស តាមរយៈការផ្សាភ្ជាប់អន្តរជំនាន់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ ដើម្បីពង្រឹងការយល់ដឹង ការចែករំលែក និងសាមគ្គីភាពអន្តរជំនាន់ សម្រាប់ការសិក្សា ស្រាវជ្រាវ បណ្តុះបណ្តាល បំផុសគំនិត និងផ្ទេរ បន្តទៅអ្នកបន្តវេនជំនាន់ក្រោយតទៅមុខរបស់គណបក្ស៕

អត្ថបទដែលជាប់ទាក់ទង