ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់មុខតំណែងលោកថូសំណាងពីទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

20

ភ្នំពេញ៖ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ថូ សំណាង ទីប្រឹក្សា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការបញ្ចប់តំណែងនេះ ធ្វើឡើងក្រោយរកឃើញរូបលោកប្រព្រឹត្តអំពើពុករលួយរាប់លានដុល្លារលើការលក់ទិដ្ឋាការឱ្យអ្នកប្រព្រឹត្តបទល្មើសស្កេម។

សូមជំរាបថា ករណីរបស់លោក ថូ សំណាង និងអ្នកពាក់ព័ន្ធកំពុងដំណើរការតាមនិតីវិធី និងបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្នុងសំណុំរឿងពុករលួយនេះ លោក ថូ សំណាង និងបក្ខពួកពីរនាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការហើយ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពួកគេរួចហើយដែរ។ លោក ថូ សំណាង ត្រូវបានចោទប្រកាន់ ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០ ។

លោក ណុប រដ្ឋា រងការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០ ។

លោក យស់ រ៉ាណេ ត្រូវបានចោទប្រកាន់ ពីបទសមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០ ៕

អត្ថបទដែលជាប់ទាក់ទង