ចោរចូលប្លន់ នៅក្នុងឱសថស្ថាន ចាក់ម្ចាស់ផ្ទះរងរបួស

ព្រះសីហនុ៖ មានករណី ចោរចូលប្លន់ នៅក្នុងឱសថស្ថាន មួយកន្លែង បណ្តាលឲ្យ បុរស ១នាក់ រងរបួស ចំណែកចោរគេចបាត់។
សេចក្តីរាយការណ៍ពីពលរដ្ឋអះអាងថា នៅវេលាម៉ោងប្រមាណជិត៧យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៩ មានជនល្មើសពីរនាក់ចូលទៅធ្វើសកម្មភាពប្លន់ក្នុងផ្ទះមួយកន្លែងត្រង់ចំណុចក្បែរឱសថស្ថានកំពង់សោមថ្មីឈុត នៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលតាមការអះអាងពីម្ចាស់ផ្ទះរងគ្រោះថា ក្រុមចោរបានធ្វើសកម្មភាពដោយប្រើប្រាស់អាវុធ ធ្វើអោយបុរសម្នាក់ជាម្ចាស់ផ្ទះរងរបួសត្រង់ក្បាលពោះ ។
ក្រោយហេតុការណ៍ភ្លាមៗ សមត្ថកិច្ចក៏បានមកដល់ និងកំពុងធ្វើការស្រាវជ្រាវ។ជុំវិញករណីនេះ បើយោងតាមជនរងគ្រោះ បានឱ្យដឹងថា នៅវេលាកើតហេតុរូបគាត់កំពុងចូលក្នុងបន្ទប់ទឹក ក៏ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់បានស្ទុះចូលមកក្នុងបន្ទប់ទឹករបស់គាត់ ហើយបម្រុងយកកាំបិតចាក់ ឯម្នាក់ទៀតបានទាញកាំភ្លើងមកភ្ជង់កូនស្រីរបស់គាត់ ប៉ុន្តែគាត់ធ្វើការប្រវាយប្រតប់រហូតរងរបួស ដោយសារក្រុមចោរចាក់ចំក្បាលពោះនឹងកាំបិតមុននឹងរត់គេចខ្លួន។ ទោះជាយ៉ាងនេះក្តីនៅមិនទាន់មានរបាយការណ៍ផ្លូវការ ពីសមត្ថកិច្ចទៅលើហេតុការណ៍នេះថាយ៉ាងណានៅឡើយ ដោយសមត្ថកិច្ចអះអាងថា រង់ចាំស្រាវជ្រាវជាមុនសិន៕





