ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុន លី យ៉ុងផាត់ តបណ្តាញទឹកពីប្រទេសថៃមកផ្គត់ផ្គង់ខេត្តកោះកុង

118


ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ នៅក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករកម្មការិនី នៅខេត្តកោះកុង សម្តេចតេជោ បានមានប្រាសាន៍ថា បញ្ហាប្រឈមរបស់ខេត្តកោះកុងពេលបច្ចុប្បន្ននេះ គឺការខ្វះខាតទឹកសាបសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

ជាមួយគ្នានេះ សម្តេចតេជោ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន លីយ៉ុងផាត់ ទទួលការសាងសង់កន្លែងស្តុកទឹក តបណ្តាញទឹក ក្នុងរយៈពេលវែង ដើម្បីយកទឹកពីខេត្តត្រាតនៃ ប្រទេសថៃ មកផ្គត់ផ្គង់ប្រជាពលរដ្ឋខេត្តកោះកុង ដែលបច្ចុប្បន្ននេះ ខេត្តកោះកុងគឺទឹកអាចផ្គត់ផ្គង់បានត្រឹមកម្រិតណាមួយប៉ុណ្ណោះ ឬអាចបានត្រឹមតែ១ខែប៉ុណ្ណោះ ទម្រាំមានភ្លៀងធ្លាក់។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើនិងបញ្ជាក់ដល់ក្រុមហ៊ុន លីយ៉ុងផាត់ និងអាជ្ញាធរខេត្ត ត្រូវខិតខំរៀបចំតណ្តាញទឹកសាបឲ្យបានទាល់ពេលវេលា ដើម្បីកុំឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងអត់ទឹកប្រើប្រាស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តត្រាត នៃប្រទេសថៃដែលកន្លងមកបានជួយរៀបចំផ្គត់ផ្គង់តបណ្តាញទឹក និងផ្តល់ទឹកមកដល់ខេត្តកោះកុងនៃប្រទេសកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរយកចិត្តទុកដាក់ ដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋនៅក្នុងរដូវប្រាំងឆ្នាំនេះ ពិសេសការជីកអណ្តូងទឹកបន្ថែម។

សូមបញ្ជាក់ថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុង អំឡុង ខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរង ដោយ ប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ(El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។

បើយោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹក ទុកទប់ទល់នឹងគ្រោះរាំងស្ងួត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលកន្លងមក បានបញ្ជាក់ថា ឥទ្ធិពលអែល ណូនីនេះ ក៏នឹងធ្វើឲ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សា មកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ។

នៅ​ថ្ងៃទី ១២​មីនា​នេះ ក្រសួងធនធានទឹក​ និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ពីការហក់ឡើងកម្តៅ ៤០​ទៅ ៤២ អង្សា​សេ នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ក្នុង​ខែមេសា និង​ខែឧសភា ខាងមុខ។
យោងទៅតាម​ការ​ព្យាករ​ណ៍ឧតុនិយម​អន្តរជាតិ តំបន់ និង​ឧតុនិយម​របស់​កម្ពុជា​យើង​ផ្ទាល់ និង​បន្ទាប់ពី​បាន​សង្កេត​តាមដាន​ទៅលើ​ស្ថានភាព​សីតុណ្ហភាព នៅលើ​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច មហាសមុទ្រ​ឥណ្ឌា និង​កម្រិត​សីតុណ្ហភាព​នៅលើ​សមុទ្រ​ចិន​ខាងត្បូង រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ឲ្យ​បាន​ជ្រាប អំពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី ២ សម្រាប់​រដូវប្រាំង និង​ដើមរដូវ​វស្សា ឆ្នាំ ២០១៩ ដូចខាងក្រោម ៖
១- បាតុភូត El Nino នៅតែ​បន្ត​មាន​ឥទ្ធិពល​គ្របដណ្តប់​លើ​ផ្នែក​ជាច្រើន​នៃ​ពិភពលោក និង​តំបន់។ ដោយឡែក ចំពោះ​កម្ពុជា​របស់​យើង នៅក្នុង​រដូវប្រាំង និង​ដើមរដូវ​វស្សា​ឆ្នាំ ២០១៩ នេះ នឹង​បន្ត​ទទួលរង​ឥទ្ធិពល​បាតុភូត El Nino នេះ ក្នុង​កម្រិត ៦០ % និង ៤០ % ទៀត ទទួលរង ឥទ្ធិពល​ពី​បាតុភូត​អន្តរកាល ( បាតុភូត​ដែល​នៅ​ចន្លោះ​រវាង El Nino និង La Nina )។
២- រដូវប្រាំង ៖ រដូវប្រាំង​នៅ​កម្ពុជា នឹង​បន្ត​អូសបន្លាយ​ដល់​ពាក់​កណ្តាល​ខែឧសភា។ ក​- សីតុណ្ហភាព ​៖​ សីតុណ្ហភាព​អតិបរមា​មធ្យម មាន​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ និង​ខ្ពស់​ជាង​ឆ្នាំ ២០១៨។ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស សីតុណ្ហភាព​អតិបរមា​មធ្យម​នឹង​ស្ថិតក្នុង​រង្វង់​ពី ៣៦-៣៨ °c។ ប៉ុន្តែ នៅក្នុង​ខែមេសា និង​ខែឧសភា ធាតុអាកាស​នឹង​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង ហើយ​នៅ​ពេល​ខ្លះ សីតុណ្ហភាព​អតិបរមា​នឹង​ហក់​ឡើងដល់​៤០-៤២ °c ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង។
ខ​- ភ្លៀង​កក់ខែ ៖ ភ្លៀង​កក់ខែ​មាន​តិច ហើយ​អាចមាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតមាន​ច្រើន នៅក្នុង​ខែមេសា និង​ខែឧសភា។
៣- ដើមរដូវ​វស្សា​ឆ្នាំ ២០១៩ ៖ រដូវវស្សា អាច​នឹង​មកដល់​យឺត​ជាង​ធម្មតា ( រហូតដល់​សប្តាហ៍​ទី ៣ នៃ​ខែឧសភា ទើប​រដូវវស្សា​ចូលមក​ដល់ ) នៅក្នុង​ខែឧសភា អាចមាន​ភ្លៀង​ធ្លាក់​តិចតួច តែ​រាយប៉ាយ​មិនបាន​ល្អ ធាតុអាកាស​ក្តៅ អាច​នឹង​បន្ត​អូសបន្លាយ​រហូតដល់​ដើមខែ​មិថុនា។
៤- ទឹកភ្លៀង ៖ ចាប់ពី​ដើមខែ​មិថុនា ដល់​ពាក់កណ្តាល​ខែកក្កដា អាចមាន​ទឹកភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​បង្គួរ តែ​រាយប៉ាយ​មិនបាន​ល្អ ។ ទឹកភ្លៀង​ប្រចាំឆ្នាំ ២០១៩ អាច​នឹងមាន​បរិមាណ​តិចជាង​មធ្យម​ភាគច្រើន​ឆ្នាំ។
៥- កូន​រដូវប្រាំង ៖ អាច​មានកូន​រដូវប្រាំង​កើតមានឡើង ចាប់ពី​ចុងខែ​កក្កដា ដល់​ដើម ខែសីហា ( មាន​រយៈពេល​ប្រមាណ​ពី ១៥-២០ ថ្ងៃ ) ។
៦- បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ៖ អាចមាន​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ កើតមាន​ច្រើន នៅក្នុង​ខែមេសា និង​ខែឧសភា ( ច្រើនជាង​បណ្តា​ឆ្នាំ​កន្លងទៅ )។
យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ព្យាករណ៍ និង​ជម្រាបជូន​ខាងលើ ក្រ​សួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាបជូន​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន បាន​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ចូលរួម​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​សូម​អំពាវនាវ​ដល់​សាធារណជន សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់៕

អត្ថបទដែលជាប់ទាក់ទង