ជំរុញការប្រើប្រាស់ផលិតផលកសិកម្ម ក្នុងស្រុក នៅក្នុងឧស្សាហកម្មទេសចរណ៍
ភ្នំពេញ៖ ក្រោមកិច្ចសហការរវាងទីភ្នាក់ងារអភិវឌ្ឍបារាំង AFD និងអង្គការអភិវឌ្ឍឧស្សាហកម្ម របស់អង្គការសហប្រជាជាតិ UNIDO ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត រៀបចំសិក្ខាសាលា ស្តីពីខ្សែសង្វាក់តម្លៃផលិតកម្ម និងការបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងវិសយ័ទេសចរណ៍ នៅសណ្ឋារគារហ្គ្រីនភែលេស ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។
ក្នុងឱកាសនៃអង្គសិក្ខាសាលា ដើម្បីលើកស្ទួយ “វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង” ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់ចេញនូវអនុសាសន៍គន្លឹះ មួយចំនួន ដូចខាងក្រោម៖ ទី១.) ការជំរុញការប្រើប្រាស់ផលិតផលកសិកម្ម ក្នុងស្រុក នៅក្នុងឧស្សាហកម្មទេសចរណ៍បញ្ហាចម្បង គឺការមិនទាន់ឯកភាពគ្នារវាងផ្នែកផ្គត់ផ្គង់ (Supply) និងផ្នែកតម្រូវការ (Demand) ដោយខាងផ្នែកតម្រូវការចង់ឲ្យមានការធានាការផ្គត់ផ្គង់ ឲ្យបានទាន់ពេលវេលា ធានាបរិមាណ និងគុណភាព និងធានាស្ថិរភាពនៃតម្លៃផងដែរ រីឯខាងផ្គត់ផ្គង់ ដែលជាប្រជាកសិករ ឬផលិតករ ក្នុងស្រុកចង់បាន ការធានាការទទួលទិញ ពីផ្នែកតម្រូវការផងដែរ ដែលនឹងអាចឲ្យពួកគាត់មានលទ្ធភាពបង្កើនផលិតភាព និងគុណភាពផលិតផលខ្មែរ។
គួរមានការជម្រុញបង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃឲ្យបានច្រើន ដែលនឹងឤចជួយដោះស្រាយបញ្ហាទីផ្សារកសិករ និងការបើកច្រកពង្រីកយន្តការអនុវត្ត “ផលិតកម្មកសិកម្មតាមកិច្ចសន្យា”(Contract Farming) ដែលគំរូអនុវត្តនៃកសិកម្មតាមកិច្ចសន្យា អាចត្រូវបានប្រើប្រាស់ដោយតម្រូវឲ្យមានកិច្ចសន្យា ផ្គត់ផ្គង់រវាងភាគីទាំង២ ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ។ ជាមួយគ្នានេះ ការរៀបចំចងក្រងប្រមូលផ្តុំ ជាសហករណ៍កសិកម្ម (agricultural cooperatives) ក៏មានសារសំខាន់ក្នុងការបង្កើនសំឡេង ទុនផលិត និងលទ្ធភាពរបស់កសិករ ក្នុងការផលិត និងការចរចាជាមួយផ្នែកតម្រូវការ។
លើសពីនេះទៀត គួរមានការបង្កើតជា “អន្តរការី” (Intermediary) ដែលអាចដើរតួជាទីផ្សារចែកចាយ លក់ដុំកសិផល (wholesale) ដើរតួជាអ្នកផ្គូរផ្គងភ្ជាប់ទំនាក់ ទំនងរវាងផ្នែកតម្រូវការដែលជាទូទៅមានការរារែកក្នុងការចុះកិច្ចសន្យា ជាមួយកសិករ/ផលិតករ និងផ្នែកផ្គត់ផ្គង់ ដែលជាទូទៅមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការផ្គត់ផ្គង់តាមតម្រូវការ។ អន្តរការី ដែលមានការត្រួតពិនិត្យ និងទទួលស្គាល់ច្បាស់លាស់ ពីក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម នឹងជួយដោះស្រាយបញ្ហាទាំងនេះ ដោយធ្វើជាអ្នកធានា ចំពោះភាគីទាំងសងខាង។ ទី២.) ការជំរុញការប្រើប្រាស់វត្ថុអនុស្សាវរីយ៍ វត្ថុសិប្បកម្ម និងរបស់របរប្រើប្រាស់ ផលិតក្នុងស្រុក នៅក្នុងឧស្សាហកម្មទេសចរណ៍
ចំពោះចំណុចនេះ កត្តាសំខាន់គឺការធានាគុណភាព និងភាពទាក់ទាញតាមរយៈការវេចខ្ចប់។ ដើម្បីជំរុញការប្រើប្រាស់ និងការទិញវត្ថុអនុស្សាវរីយ៍ វត្ថុសិប្បកម្ម និងរបស់របរប្រើប្រាស់ផ្សេងៗ ពីសំណាក់សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន និងភ្ញៀវទេសចរផ្ទាល់ គួរមានការរៀបចំជាកន្លែង ទទួលទិញពីសិប្បករ/ផលិតករតូចៗ ដោយមានការបញ្ជាក់គុណភាពច្បាស់លាស់ និងការធ្វើ branding ប្រកបដោយភាពទាក់ទាញ។ ការចងក្រងជាសមាគមសិប្បករ/ផលិតករក្នុងស្រុក តាមប្រភេទផលិតផលនីមួយៗ និងការបង្កើតជាអន្តរការី ក៏គួរត្រូវបានលើកទឹកចិត្តផងដែរ។ ទី៣.) យន្តការអនុវត្ត និងទ្រទ្រង់ គួរមានយន្តការរួមកម្រិតអន្តរក្រសួង-ស្ថាប័ន និងរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការជំរុញការផលិត និងការប្រើប្រាស់ផលិតផលខ្មែរ នៅក្នុងវិស័យទេសចរណ៍ ហើយអាចស្វែងរកកិច្ចសហការ ជាមួយដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ។
ជម្រុញការរៀបចំខ្សែក្រវ៉ាត់បៃតង នៅជុំវិញតំបន់គោលដៅទេសចរណ៍ និងទីក្រុងទេសចរណ៍សំខាន់ៗ តាមរយៈការដាំដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការជម្រុញសកម្មភាពសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម។
ជម្រុញបង្កើតអន្តរការី ដែលដើរតួជាអ្នកសម្របសម្រួលភ្ជាប់ទំនាក់ទំនងរវាងផ្នែកផ្គត់ផ្គង់/ផលិត និងផ្នែកតម្រូវការ/ចែកចាយ ដោយអន្តរការីជាអ្នកធានាប្រភពទុន និងជំនួយបច្ចេកទេស ចាំបាច់ដល់ផ្នែកផ្គត់ផ្គង់/ផ្នែកផលិត ហើយនិងធានាការផ្គត់ផ្គង់ទាន់ពេលវេលា តាមបរិមាណ គុណភាព និងតម្លៃសម្រាប់ផ្នែកតម្រូវការ/ផ្នែកចែកចាយ៕