ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះការតវ៉ារឿងដីធ្លី បិទផ្លូវជាតិលេខ៤ នៅស្រុកព្រៃនប់ម្តងទៀត បណ្តាលឲ្យកកស្ទះចរាចរណ៍

119

ព្រះសីហនុ៖  ជនអនាធិបតេយ្យបានកែនកម្លាំងបក្ខពួកគេបាន ជាង១០០នាក់ ធ្វើសកម្មភាព បិតផ្លូវជាតិលេខ៤ជាលើកទី២ ក្នុងជម្លោះដណ្តើមដីធ្លី ក្នុងស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចចុះអន្តរាគមន៍បាននិយាយថា ជនអនាធិបតេយ្យ បាននាំគ្នាតវ៉ាសាជាថ្មីម្តងទៀត ដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ ត្រង់ចំណុចអូត្រាវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះបានរិះគន់ថា ទង្វើរយកផ្លូវជាតិធ្វើជាចំណាត់ខ្មាំងបែបនេះជាការខុសច្បាប់ ព្រោះនេះជាផលប្រយោជន៍បក្ខពួកមិនមែនជាប្រយោជន៍សង្គមជាតិនោះទេ ។

មន្ត្រីបាននិយាយថា នេះជាថ្ងៃទី២ហើយ ដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាបិទផ្លូវជាតិលេខ៤ ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់នៅឃុំបិតត្រាំង ដែលសង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដ កាលពីម្សិលមិញ។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់បណ្តាញ ពត៌មានថា ក្រោយមានករណីនេះកើតឡើងជាលើកទី២ ទាំងអាជ្ញាធរ និងសមត្ថកិច្ចបានចុះពន្យល់ដល់ពួកគាត់បានចាប់ផ្តើមដកថយ ហើយចរចរណ៍បានដំណើរការឡើងវិញជាបណ្តើរៗផងដែរ។ ក្រុមអនាធិបតេយ្យទាំងនោះក៏បានឆ្លៀតប្រើប្រាស់អំពើហិង្សា ទៅលើសមត្ថកិច្ច ដោយចោលដុំថ្ម ប៉ុន្តែកម្លាំងសមត្ថកិច្ចបានរក្សាភាពអត់ធ្មត់ជាទីបំផុត ដោះស្រាយដោយសន្តិវិធី មិនបង្កឲ្យមានអំពើហិង្សាកើតឡើងនោះឡើយ។

មន្រ្តី សាលាខេត្តព្រះសីហនុ បានបញ្ជាក់មកកាន់បណ្តាញព័ត៌មាន ថា រាល់ការបញ្ហាដីធ្លី អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធតែងតែមានយន្តការដោះស្រាយ តាមប្រព័ន្ធតុលាការ និងតាមគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លី ហើយត្រូវបញ្ឈប់សកម្មភាពតវ៉ាបិទផ្លូវ ឬប្រើហិង្សាទៅលើសមត្ថកិច្ច ដែលទង្វើខុសច្បាប់ទាំងស្រុង ដូច្នេះសូមទទូចដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវងាកមករកច្បាប់ទើបជាការប្រសើរ។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ រដ្ឋបាលខេត្តព្រះសីហនុ បានចេញជូនដំណឹងមួយអំពីការចុះរុះរើសំណង់ខ្ទមអនាធិបតេយ្យជាង៦០០ខ្នង នៅលើដីដែលមានម្ចាស់កម្មសិទ្ធិ នៅចំណុចចំណោតអូរត្រាវ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។

ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបថា សំណង់ដែលអាជ្ញាធរបានចុះរុះរើទាំងនោះ គឺត្រូវបានប្រជាជនដែលមកពីតំបន់ នានាក្នុងខេត្ត និងក្រៅខេត្ត លួច សាងសង់ដោយខុសច្បាប់ នៅលើដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ក្នុងរយៈពេលថ្មីៗកន្លងមកនេះ អាជ្ញាធរឃុំ ស្រុក និងខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំពួកគាត់ ជាច្រើនលើកច្រើនសារឱ្យរុះរើសំណង់ខុសច្បាប់ទាំងនោះចេញពីដីកម្មសិទ្ធិអ្នកដទៃព្រោះជាទង្វើខុសច្បាប់ ប៉ុន្តែពួកគាត់ទាំងនោះមិនស្តាប់តាមការ ពន្យល់ណែនាំរបស់ អាជ្ញាធរឡើយ។

រដ្ឋបាលខេត្តព្រះសីហនុ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងកម្មសិទ្ធិឯកជនស្របច្បាប់ ដោយបន្តអនុវត្តវិធានការច្បាប់ ទប់ស្កាត់អំពើអនាធិបតេយ្យទាំងឡាយ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កចលាចលសង្គម។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាជនដែលបានចូលទៅសង់ខ្ទមដោយខុសច្បាប់ នៅលើដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជន ស្របច្បាប់ទាំងឡាយត្រូវបញ្ឈប់សកម្មភាពចូលទៅទន្ទ្រានកាន់កាប់ជាបន្ទាន់ ព្រោះជាទង្វើដែលត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ហើយត្រូវឈប់ជឿតាមការឃោសនា ញុះញងរបស់ពួកមេខ្យល់ដែលបានដើរបំផុសបំផុល ដោយអះអាងថាមានការបែងចែកដី និងលក់ដីជូនក្នុងតម្លៃទាបតទៅទៀត។

ចំពោះហេតុការណ៍នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស២នាក់ផងដែរ រួមមាន៖ ឈ្មោះ ខ្លូត តុសិតា ភេទស្រី អាយុ៣៩ ឆ្នាំមុខរបរមេផ្ទះ ស្នាក់នៅបណ្ដោះអាសន្នដូចកន្លែងកើតហេតុ ដែលត្រូវឃាត់ខ្លួន ដោយសារការគប់ដុំថ្ម និងប្រើដំបងវាយលើកំលាំងសមត្ថកិច្ចចំរុះបណ្តាលឲ្យរងរបួសជាច្រើននាក់ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ កែវ សាង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរជាអ្នកនេសាទ នៅស្រុកព្រៃនប់ ដែលពាក់ព័ន្ធនឹងការដឹកនាំបិទផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង