ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌថ្មី យករថយន្តដឹកទឹកបាញ់ទឹកស្រោចតាមទីធ្លាសាលាបឋមសិក្សាក្នុងខណ្ឌចំការមន ដើម្បីកាត់បន្ថយកំដៅសិស្ស

132

ភ្នំពេញ ៖ តាមការណែនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ  លោក ថេង សុថុល អភិបាលខណ្ឌចំការមនដែលទើបប្រកាសឡើងកាន់តំណែងថ្មី បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបាញ់ទឹកស្រោចទីធ្លា តាមសាលាបឋមសិក្សានានា នៅក្នុងខណ្ឌចំការមន ដើម្បីកាត់បន្ថយកំដៅ ខណៈដែលអាកាសធាតុ មានការប្រែប្រួលឡើងកំដៅខ្លាំង និងបង្ក កុំអោយកើតមានជំងឺជាយថាហេតុនោះ។

   ការងារនេះបានអនុវត្តឡើង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ដោយលោក ថេង សុថុល រួមជាមួយអភិបាលរង លោក ប៊ុន សុភ័ក្រ បានយករថយន្តបាញ់ទឹក ទៅបាញ់ស្រោចទីធ្លាសាលាបឋមសិក្សាវត្តទួលទំពូង អោយត្រជាក់ឥដ្ឋ កាត់បន្ថយកំដៅថ្ងៃ ដែលជះសាយភាយកំដៅពីឥដ្ឋ និងពីបេតុង កុំអោយក្តៅដល់កូនសិស្សាចេញពីក្នុងថ្នាក់ រត់លេងលើទីធ្លាសាលានោះ ។
   សូមបញ្ជាក់ថា នៅក្នុងខណ្ឌចំការមន មានសាលាបឋមសិក្សាចំនួន ៥ ដែលមានក្មេងៗរៀនសូត្រ ហើយក្រមការងារដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌទើបប្រកាសតំណែងថ្មី បាននិងកំពុងបាញ់ទឹកស្រោចទីធ្លាទាំង៥នេះ ។
  លោក ថេង សុថុល បញ្ជាក់ថា ក្នុងខណ្ឌចំការមន មានសាលាបឋមសិក្សាចំនួន ៥ទីតាំង ដែលលោកបានបញ្ជាអោយរថយន្តដឹកទឹកស្រោចតាមសាលានីមួយៗនោះ ។
   លោកអភិបាលខណ្ឌ បញ្ជាក់ថា សាលាបឋមសិក្សាទាំង៥នេះ រួមមាន ៖ សាលាបឋមសិក្សាវត្តទួលទំពូង, សាលាបឋមសិក្សាសុធារស់, សាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងកើត, សាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង និងសាលាបឋមសិក្សាទួលទំពូង២ ។
អត្ថបទដែលជាប់ទាក់ទង