ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាពាក់ផ្កាយ៣ កំពុងចាក់ដីរំលោភយកឆ្នេរសមុទ្រជិត២គីឡូម៉ែត្រ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គ្មានអាជ្ញាធរណា​ហ៊ាន

79

   

កោះកុងៈ ផ្ទៃដីទំហំជាង១០ហិកតា ត្រូវបានអ្នកមានអំណាច ចាក់ដីចូលតាមបណ្តោយឆ្នេរសមុទ្រជិត២គីឡូម៉ែត្រ ត្រង់ចំណុចពយជិនទុង ស្ថិត​ក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ នៅបើតាមការផ្សាយរបស់លោក william កាលពីថ្ងៃទី៣០មេសា។

ប្រភពពី​ពលរដ្ឋមូលដ្ឋាន បានលើកឡើងថា ឈ្មួញដែលធ្វើសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រខាងលើនេះ ឈ្មោះ ហួរ ហាប់ មានតួនាទីជាមន្ត្រីយោធាជាន់ខ្ពស់ខាងជើងទឹក កាន់តំបន់សមុទ្រ ថ្នាក់ឧត្តមសេនីយ៍ឯកទៀតផង កន្លងមកតំបន់នេះ គឺជាកន្លែងប្រជាពលរដ្ឋ តែងតែចេញចូលរកស៊ីប្រចាំថ្ងៃ តែបច្ចុប្បន្នបានក្លាយជាទីតាំងដែលត្រូវគេហាមមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់។ ពួកគាត់ថា នៅទីនោះមិនឲ្យថតយករូបភាពជាដាច់ខាត ប្រសិនបើអ្នកណាហ៊ានថតឱ្យគេដឹង គេនឹងចាប់ដកយកម៉ាស៊ីនថត ឬទូរស័ព្ទដៃ ទន្ទឹមនេះ គឺកន្លែងនេះ ត្រូវបានគេដាក់បារ៉ាស់មិនឲ្យចេញចូល ដោយមានអ្នកយាមជាង២០នាក់ ដើរមើលគ្រប់ទីកន្លែង ក្នុងបរិវេណនោះផងដែរ។
ប្រភពខាងលើបន្តទៀត​ថា ការចាក់រំលោភយកសមុទ្រ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនេះ មិនមែនជារឿងធម្មតានោះទេ វាអាចមានការឃុបឃិតជាប្រព័ន្ធ រវាងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមឈ្មួញ បើមិនដូច្នោះទេ គេមិនអាចសម្រុកចាក់ដីយកសមុទ្រដោយខុសច្បាប់រដ្ឋបានយ៉ាងរលូនបែបនេះឡើយ។
ពួកគាត់សង្ឃឹមថា គណៈកម្មការឆ្នេរសមុទ្រកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិតជាមិនអាចឈរអោបដៃមើលបញ្ហាមួយនេះឡើយ។
ចំពោះ លោក ទួន សិលា អភិបាលស្រុកស្រែអំបិល បានឲ្យដឹងថា ចំពោះករណីចាក់ដីលុបឆ្នេរសមុទ្រនេះ លោកមេឃុំមិនបានធ្វើរបាយការណ៍ ឬរាយការណ៍មកគាត់ទេ ពេលនេះគាត់កំពុងជាប់សន្និបាតនៅរាជធានីភ្នំពេញ ចាំគាត់ត្រឡប់មកវិញ គាត់នឹងសួរទៅខាងមេឃុំ។
លោក ជា នាង ប្រធានភូមិបាលស្រុកស្រែអំបិល ក៏បានឲ្យដឹងដែរថា ចំពោះករណីចាក់ដីលុបសមុទ្រនេះ លោកបានធ្វើរបាយការណ៍ទៅថ្នាក់លើហើយដែរ តែ​ស្ងាត់ឈឹង ហើយការចាក់ដីនោះ គឺមិនមានច្បាប់អនុញ្ញាតនោះទេ ប្រសិនបើមានការសុំច្បាប់វិញ ក៏លោកមិនហ៊ានស៊ីញ៉េដែរ ពីព្រោះដីនោះជាដីសមុទ្រ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ចំណែក​លោក ម៉េង តិច ប្រធានបរិស្ថានស្រុកស្រែអំបិល បាននិយាយថា រឿងចាក់ដីរំលោភបំពានឆ្នេរសមុទ្រនោះ វាស្ថិតនៅក្នុងតំបន់សហគមន៍ និងជលផល ហើយមេឃុំជ្រោយស្វាយជាអ្នកគ្រប់គ្រង មិនជាប់ពាក់ព័ន្ធនឹងគាត់ទេ។
យ៉ាងណាក៏ដោយលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ បានឲ្យដឹងតាមទូរស័ព្ទថា រឿងនេះលោកពុំសូវដឹងច្បាស់ទេ ពីព្រោះលោកទើបតែផ្លាស់មកជាងមួយឆ្នាំ បើតាមលោកដឹងដីនេះ គេបានទិញពីពលរដ្ឋជាច្រើនម្ចាស់ ក្នុងឆ្នាំ២០០៤ ហើយក៏បានចាក់ដីជាបន្តបន្ទាប់រហូតមក។
ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ហួរ ហាប់បានទេ នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង