ស្នើសុំប្រទេសឥណ្ឌាជួយបណ្តុះបណ្តាលអ្នកជំនាញកម្ពុជាលើបច្ចេកទេសផលិតដៃ-ជើងសិប្បនិម្មិត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនផលិតដៃ-ជើងសិប្បនិម្មិតរបស់ប្រទេសឥណ្ឌា នឹងនាំចូលគ្រឿងម៉ាស៊ីន ឧបការណ៍ និងវត្ថុធាតុដើមក្នុងការដំឡើង ឬផលិតដៃ-ជើងសិប្បនិម្មិតដោយផ្ទាល់ពីប្រទេសឥណ្ឌា ។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតសារធារណរដ្ឋឥណ្ឌាចូលជួបសំដែងការគួរសម និងពិភាក្សាការងារវិស័យសកម្មភាពមីន នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ។
លោកទេសរដ្ឋមន្ត្រី លី ធុជ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលឥណ្ឌាបានរៀបចំកម្មវិធីជាសប្បុរសធម៌ជាច្រើនដើម្បីជួយដល់ប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសមួយចំនួនទៀត។
ជាមួយនេះ លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌានឹងសហការជាមួយអាជ្ញាធរមីន រៀបចំយុទ្ធនាការផ្តល់ដៃ ជើងសិប្បនិម្មិតដល់ដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាប្រមាណ ៦០០នាក់ នៅខែតុលា ឆ្នាំ២០១៩ ដែលនឹងរៀបចំធ្វើឡើងនៅខេត្តបន្ទាយមានជ័យ ដៃជើងសិប្បនិម្មិតជាផលិតផលរបស់ក្រុមហ៊ុន Jaipur Foot។
ទន្ទឹមនេះ រដ្ឋាភិបាល និងក្រុមហ៊ុនផលិតដៃ-ជើងសិប្បនិម្មិត និងនាំចូលគ្រឿងម៉ាស៊ីន ឧបការណ៍ និងវត្ថុធាតុដើមក្នុងការដំឡើង ឬផលិតដៃ-ជើងសិប្បនិម្មិតដោយផ្ទាល់ពីប្រទេសឥណ្ឌា រួមជាមួយនឹងបុគ្គលិក និងអ្នកបច្ចេកទេសយ៉ាងតិច ៨នាក់មកពីប្រទេសឥណ្ឌាដើម្បីចូលរួមយុទ្ធនាការនេះ ចំពោះការផ្តល់នេះផលិតភ្លាមៗ និងផ្តល់ជូនទៅដល់ជនរងគ្រោះដោយសារមីនផ្ទាល់តែម្តង។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានស្នើសុំប្រទេសឥណ្ឌាជួយបណ្តុះបណ្តាលអ្នកជំនាញកម្ពុជាលើបច្ចេកទេសផលិតដៃ-ជើងសិប្បនិម្មិតនៅក្នុងប្រទេសកម្ពុជាផងដែរ៕