សម្ដេចក្រឡាហោមសខេង ប្រកាសតែងតាំង អភិបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តបន្ទាយមានជ័យ។
លោក អ៊ុ រាត្រី អភិបាលរងខេត្ត ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអភិបាលខេត្តបន្ទាយមានជ័យថ្មី ជំនួសតំណែង លោក សួន បវរ ដែលត្រូវបានផ្ទេរភារកិច្ច រាជរដ្ឋាភិបាល ទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។ ការសម្រេចផ្លាស់ប្តូរ និងផ្ទេរតំណែងអភិបាលខេត្តបន្ទាយមានជ័យនេះ ធ្វើឡើងតាមការទូលថ្វាយដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការផ្លាស់ប្ដូរភារកិច្ចអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ខាងលើនេះ បានកើតមានឡើង ក្រោយពីលោក សួន បវរ ត្រូវបានស្ដ្រីម្នាក់អះអាងថា ជាស្រីកំណាន់បានប្ដឹងផ្ដល់ និងទម្លាយរឿងអាស្រូវ ពាក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេ ដែលធ្លាប់រស់នៅជាមួយគ្នាលួចលាក់ជាច្រើនឆ្នាំ៕