កម្ពុជាបញ្ជូនកងកម្លាំង ចំនួនពីរកង ទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋម៉ាលី ទោះបីការបំពេញបេសកកម្មនេះ អាចជួបប្រទះការរីករាលដាលនៃអំពើហិង្សា

ភ្នំពេញ៖ កងវិស្វកម្មព្រលានយន្តហោះលេខ៨៩១ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ត្រូវបានធ្វើពិធីជូនដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។
លោកទេសរដ្ឋមន្រ្តីប៉ុល សារឿន ទទួលបន្ទុកបេសកកម្មពិសេស បានគូសបញ្ជាក់ថា អស់រយៈពេល១៣ឆ្នាំមកហើយ ដែលកម្ពុជាបានចូលរួមបញ្ជូន កងកម្លាំងមួកខៀវរាប់ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ ការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈមនានា ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្គ្រាមឧទ្ទាមវាយប្រហារ មកលើកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា បណ្តាលឱ្យបាត់បង់ជីវិត និងពិការជាច្រើននាក់។ លោកទេសរដ្ឋមន្ត្រី សូមកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងធំធេង ចំពោះពលីកម្មរបស់កងកម្លាំងកម្ពុជា ដែលជាវីរបុរសថែរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ មរណភាពនិងពលិកម្មរបស់កម្លាំងយើង ពុំបានកែប្រែនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តម នៃសន្តិភាពនេះឡើយ។ ជាក់ស្តែង ថ្ងៃនេះ កម្ពុជាបន្តបញ្ជូនកងកម្លាំងរបស់ខ្លួន ចំនួនពីរកងទៅបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលី ទោះបីការបំពេញបេសកកម្មនេះ អាចជួបប្រទះការរីករាលដាលនៃអំពើហិង្សានានា ប្រឈមនឹងអស្ថិរភាព ដែលបង្កដោយក្រុមជ្រុលនិយម ក្រុមជម្លោះប្រដាប់អាវុធ ឬក្រុមឧទ្ទាមជាដើម និងអាចជួបហានិភ័យនៃគ្រោះធម្មជាតិ ជំងឺឆ្លងផ្សេងៗ ដែលគំរាម កំហែងដល់សន្តិសុខ សុខភាព ការរស់នៅ និងការបំពេញការងារប្រចាំថ្ងៃរបស់បងប្អូនក៏ដោយ ប៉ុន្តែកងកម្លាំងយើងមិនរាថយ ពីព្រោះ វាជាបុព្វហេតុរួមដ៏ថ្លៃថ្លាបំផុតដើម្បីសន្តិភាព និងមនុស្សធម៌ក្នុងលោក។
ដើម្បីជាទុនបន្ថែមសម្រាប់បំពេញភារកិច្ច លោកប៉ុល សារឿន សូមផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងទាំងពី ដែលត្រូវប្រកាន់យក៖ ត្រូវប្រកាន់ខ្ជាប់និងអនុវត្តឱ្យបានដាច់ខាតនូវអនុសាសន៍ ដែលជាបទបញ្ជា៤ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជូនដំណើរកងអនុសេនាធំលេខ១៣៥ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កន្លងទៅ។ គោរពវិន័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជា និងស្វែងយល់ពីរបៀបរបបធ្វើការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ។ រក្សាភាពថ្លៃថ្នូរនិងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ និងរបស់ប្រទេសជាតិ។ រៀនសូត្រដកពិសោធន៍បង្កើនចំណេះដឹង និងឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព ស្រឡាញ់គ្នា និងជួយថែរក្សាគ្នាទៅវិញទៅមក សំដៅសម្រេចបានភារកិច្ច។ ខិតខំសិក្សារៀនសូត្រភាសាបរទេសបន្ថែម ដើម្បីងាយស្រួលទំនាក់ទំនង ជាមួយសហការីសហប្រជាជាតិ និងប្រជាជននៃប្រទេសដែលយើងបោះទីតាំង។ សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ពីស្ថានភាពភូមិសាស្ត្រ នយោបាយសង្គម ការប្រឈមទាំងឡាយនៃបេសកកម្ម យកចិត្តទុកដាក់ក្នុងការរៀបចំកម្លាំង និងប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ ដែលអាចកើតឡើងដោយការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា ដោយការវាយប្រហារ ពួនស្ទាក់ឬគ្រោះធម្មជាតិ និងគ្រោះថ្នាក់ដោយជំងឺឆ្លងនានា។ ទំនាក់ទំនងល្អជាមួយប្រទេស ជាមួយប្រជាជន គោរពទំនៀមទម្លាប់ និងចេះជួយប្រជាជននៅទីកន្លែង ដែលកងកម្លាំងយើងបំពេញប្រតិបត្តិការ ដូចជា ជួយទំនុកបម្រុង ឧបត្ថម្ភ ចែករំលែកស្បៀងអាហារ ជួយសង្គ្រោះ ពិនិត្យព្យាបាល ជំងឺ និងការពារប្រជាជននៅទីនោះ។ នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ គុណធម៌ ស័ក្ដិសមជាកងយោធពលខេមរភូមិន្ទ ដែលកើតចេញប្រជាជន ធ្វើអ្វីដើម្បីប្រជាជន៕





