ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលារៀនចំនួន១៨ នៅទូទាំងប្រទេស ទទួលបានការវាយតម្លៃ ដើម្បីពានរង្វាន់ថ្នាក់ជាតិ និងចូលរួមប្រកួតសាលាមេត្រីបរិស្ថានអាស៊ាន

184

ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកិឡា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានចុះពិនិត្យនិងវាយតម្លៃសាលាមេត្រីបរិស្ថានកម្ពុជា ដើម្បីជ្រើសរើសជាសាលារៀនដែលស្អាត បៃតង និងមានបរិយាកាសល្អ សម្រាប់ជ័យលាភីថ្នាក់ជាតិ និងការប្រគួតប្រជែងយកពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន។ លោក ជៀប ប៊ុនអៀង ប្រធាននាយកដ្ឋានអប់រំ ក្រសួងបរិស្ថាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងារបានចុះវាយតម្លៃសាលាមេត្រីបរិស្ថាន ដល់ទីតាំងជាក់ស្តែង នៅតាមសាលារៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំនួន១៨ កន្លែងផ្សេងគ្នា នៅទូទាំងប្រទេសដែលបានដាក់ពាក្យប្រកួតសាលាមេត្រីបរិស្ថានប្រចាំឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។ លោក ជៀប ប៊ុនអ៊ាង បានបញ្ជាក់ដែរថាការវាយតម្លៃសាលារៀននេះ រៀបចំឡើង ដើម្បីទទួលជ័យលាភីថ្នាក់ជាតិ ដោយផ្ទៀងផ្ទាត់ការអនុវត្តតាមគោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា និងដើម្បីជ្រើសរើសសាលាចំនួន០២ គឺកម្រិតបឋមសិក្សា០១ និងមធ្យមសិក្សា០១ ចូលរួមប្រកួតប្រជែងសាលាមេត្រីបតិស្ថានអាស៊ាននាពេលខាងមុខ។

លោក ជៀប ប៊ុនអៀង បានលើកឡើងថា ក្រុមការងារអន្តរក្រសួង បានចុះត្រួតពិនិត្យមើលលើការងារទី១ ការធ្វើផែនការ យុទ្ធសាស្រ្ត ក្នុងការកែប្រែសាលារៀនធម្មតា ទៅជាសាលាមេត្រីបរិស្ថាន ទី២ ការមើលទៅលើកម្មវិធីបង្រៀន និងការរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងសលានេះ ថាតើមានមេរៀនបរិស្ថានដែរឬទេ ទី៣គឺពិនិត្យមើលទៅលើ សម្ភារៈបរិក្ខាប្រើប្រាស់នៅក្នុងសាលា ថាតើសម្ភារៈ បរិក្ខា នៅក្នុងសាលានោះមានមេត្រីបរិស្ថានដែរឬអត់ ហើយថាតើមានបង្ករផលប៉ះពាល់ បរិស្ថានដែរឬអត់ និងទី៤ ពិនិត្យមើលកិច្ចទៅលើកិច្ចសហការរបស់សាលាជាមួយនិងសហគមន៍ជំវិញ ជាមួយនិងដៃគូអភិវឌ្ឍន៍នានា ក្នុងការងារកសាង ថាតើបានកិច្ចសហការយ៉ាងណាខ្លះ ។

លោក ឈឹម គំនិត ប្រធានការិយាល័យមធ្យសិក្សាចំណេះទូទៅ នៃនាយកដ្ឋានចំណេះទូទៅក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា យើងមានគោលការណ៍ណែនាំស្តីពីសាលមេត្រីបរិស្ថាននៅកម្ពុជា ដើម្បីរៀបចំសាលាឱ្យក្លាយទៅជាសាលាមេត្រីបរិស្ថាន ដែលបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការ នៅទូទាំងប្រទេស ។ ការដាក់ឱ្យដំណើរការនេះ គឺជាការផ្តល់ និងលើកទឹកចិត្តឱ្យសិស្សចង់មកសាលារៀន និងទទួលទាំងចំណេះដឹង ចំណេះធ្វើ សោភ័ណ្ឌភាពនិងបរិស្ថាន និងទទួលបានសុខភាពល្អ ផងដែរ។

គួរបញ្ជាក់ថា គោលការណ៍ស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា គឺអនុលោមតាមគោការណ៍ណែនាំ របស់សាលាមេត្រីបរិស្ថានអាស៊ាន ហើយក៏ជាបទដ្ឋានមួយ ដើម្បីយកទៅវាយតម្លៃ និងវាស់ស្ទង់លើការអនុវត្តន៍គោលការណ៍មេត្រីភាពបរិស្ថាន តាមសាលារៀនក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅដល់ការចូលរួមចំណែកក្នុងការងារអប់រំបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងថែរក្សាបរិស្ថាន ក្នុងសាលាក៏ដូចជា តាមសហគមន៍ឱ្យមានភាពបៃតង និងការអភិវឌ្ឍ ប្រកបដោយចីរភាព ដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រោយពីចុះពិនិត្យ និងវាយតម្លៃនៅតាមសាលារៀនទាំងអស់រួចរាល់ ក្រុមការងារអន្តរក្រសួងនិងធ្វើការបូលសរុបពិន្ទុ ដើម្បីធ្វើការជ្រើសរើសសាលាបឋមសិក្សាចំនួន៣ និងសាលាមធ្យមសិក្សាចំនួន ៣ ប៉ុណ្ណោះ ដើម្បីផ្តល់រង្វាន់សាលាមេត្រីបរិស្ថានថ្នាក់ជាតិ មេដាយ មាស ប្រាក់ និងសំរិត។ ដោយឡែក សាលារៀនជ័យលាភីមេដាយលេខ១ ទាំងពីរកម្រិត នឹងបន្តចូលរួមប្រកួតប្រជែងសាលាមេត្រីបរិស្ថានក្របខណ្ឌអាស៊ាន។
សូមបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងកិច្ចប្រជុំអាស៊ានស្តីពីសាលាមេត្រីបរិស្ថាន ខែតុលាឆ្នាំ២០១៩ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង