សម្តេច ហេង សំរិន នឹងទៅបំពេញទស្សនកិច្ច នៅវៀតណាម និងឡាវ រយៈពេល៣ថ្ងៃ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ តាមជើងយន្តហោះពិសេស។
ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសជិតខាងទាំងពីរនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកជំទាវ ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភាឡាវ។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ និងនៅប្រទេសឡាវ ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។
កំឡុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម គណៈប្រតិភូគ្រោងជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម។ ជួបសវនាការ និងសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង (NGUYEN PHU TRONG) អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម។ ជួបសវនាការ និងសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ស៊ុនហ្វុក (NGUYEN XUAN PHUC) នាយករដ្ឋមន្រ្តីវៀតណាម។ ជួបសវនាការ និងសម្តែងការគួរសមជាមួយ ឯកឧត្តម ជិន ថាញ់មិន (TRAN THANH MAN) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។ ឆ្លៀតឱកាសក្នុងពេលបំពេញទស្សនកិច្ចនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងអនុញ្ញាតឲ្យ ឯកឧត្តម វ៉ុ ម៉ៅ (VU MAO) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែង ការគួរសមផងដែរ។
នៅក្នុងប្រទេសវៀតណាមនេះ ប្រធានរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ កម្ពុជា-វៀតណាម គ្រោងនឹងចុះអនុស្សរណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងរដ្ឋសភា ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
ចំណែកនៅក្នុងប្រទេសឡាវ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងនឹងចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTUO) ប្រធានរដ្ឋសភាឡាវ។ ជួបសវនាការ និង សម្តែងការគួរសមជាមួយ ឯកឧត្តម ប៊ុនញ៉ាំង វ៉ូរ៉ាជិត (BOUNHANG VORACHITH) ប្រធានាធិបតីឡាវ។
នៅក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក៏មានកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ រវាងអគ្គលេខាធិការរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការរដ្ឋសភាឡាវ ផងដែរ៕